ព័ត៌មានអន្តរជាតិ

លោក Macron ៖ បារាំង នឹងដកទ័ពទាំងអស់ ចេញពីនីហ្សៀ នៅដំណាច់ឆ្នាំនេះ

ប្រភព៖ Xinhua

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសបារាំង បានប្រកាសថា នឹងដកកងកម្លាំងយោធា របស់ខ្លួនទាំងអស់ ចេញពីប្រទេសនីហ្សៀ នៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅកាន់ទូរទស្សន៍ ក្នុងស្រុកមួយ ។ លោកប្រធានាធិបតីបារាំង បានបញ្ជាក់ថា ចំនួយោធា ដែលធ្លាប់បានដាក់ពង្រាយ នៅក្នុងប្រទេសនីហ្សៀ សរុបពេលមានចំនួនប្រមាណជា១៥០០នាក់ ដែលប្រើប្រាស់ ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង ទៅនឹងក្រុមភេវរកម្ម ដែលស្ថិតនៅក្នុងតំបន់ Sahel ទាំងមូល។

លោកប្រធានាធិបតី ក៏បាន មានប្រសាសន៍បន្ថែមថា ៖ យើងកំពុងបញ្ចប់កិច្ចសហប្រតិបត្តិការយោធា របស់យើងជាមួយអាជ្ញាធរ ពិតប្រាកដនៃប្រទេសនីហ្សៀ ពីព្រោះពួកគេលែង ចង់ប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មហើយប្រទេសបារាំង នឹងពិគ្រោះជាមួយរបបយោធា ដើម្បីធ្វើឱ្យការដកនេះ ធ្វើឡើងដោយសន្តិវិធី ។

គួរឲ្យដឹងដែរថា ទំនាក់ទំនង​រវាង​នីហ្សៀ ​និង​បារាំង​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង ​ក្រោយព្រឹត្តិការណ៍ ​រដ្ឋប្រហារ​នៅក្នុងប្រទេស អាហ្វ្រិកមួយនេះ ហើយប្រទេសបារាំង បានសម្រេចផ្អាកការផ្តល់ទិដ្ឋាការ នៅក្នុងប្រទេសនីហ្សៀ និងជម្លៀសពលរដ្ឋ របស់ខ្លួន ខណៈដែលប្រទេសនីហ្សៀ ក៏បានបិទដែនអាកាស របស់ខ្លួនសម្រាប់យន្តហោះ របស់បារាំងទាំងអស់ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top