បរទេស ៖ ប៉ូលិសការិយាល័យ ស៊ើបអង្កេតឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត (CCIB) របស់ប្រទេសថៃ បានឆែកឆេរផ្ទះរបស់អគ្គស្នងការរង នគរបាលជាតិ លោកឧត្តមសេនីយ៍ Surachate ក្នុងទីក្រុងបាងកក កាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីលោកត្រូវបានគេចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធ ក្នុងប្រតិបត្តិការ បើកទីតាំងល្បែងស៊ីសង។ ការស្វែងរកគឺជាផ្នែកមួយ នៃប្រតិបត្តិការធំជាង ដែលមានឈ្មោះកូដ ថា “Big Cleaning Day”។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ប៉ូលិសឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ប្រដាប់ដោយអាវុធ និងដីកាស្វែងរក របស់តុលាការ ត្រូវបានគេរាយការណ៍ថា អមដោយប៉ូលីសមកពីនាយកដ្ឋានប្រឆាំងអំពើពុករលួយ និងបញ្ជាការប្រតិបត្តិការ ពិសេសរបស់ប៉ូលីសក្រុង។
ក៏មានការឆែកឆេរតាមដីកាដែរ គឺផ្ទះ៥ខ្នងនៅ So Vibhavadi 60 ខាងក្រោយក្លឹបប៉ូលិស ។ ផ្ទះទាំងនោះត្រូវបានឧត្តមសេនីយ៍ Surachate ទិញឲ្យមន្ត្រីក្រោមឱវាទ។
ពេលប៉ូលិសមកដល់ម៉ោងប្រហែល ៨ ព្រឹក លោកឧត្តមសេនីយ៍ Surachate នៅផ្ទះរបស់គាត់ ហើយបានទទួលពួកគេដោយពាក់តែដៃប្រដាល់មួយគូ និងអាវយឺតពណ៌ស ។ លោកត្រូវបានគេរាយការណ៍ថា បានបដិសេធមិនអនុញ្ញាត ឱ្យប៉ូលីសចូលទៅក្នុងផ្ទះរបស់គាត់ ដោយលើកឡើង ពីតំណែងរបស់គាត់ ជាមេបញ្ជាការរងនៃប៉ូលីសថៃ ។
ក្រុមស្រាវជ្រាវត្រូវរង់ចាំលោកឧត្តមសេនីយ Voravat Watnakhonbancha ស្នងការ CCIB មកដល់ ដើម្បីពិភាក្សាជាមួយលោកឧត្តមសេនីយ Surachate អំពីដីកាស្វែងរក។ បន្ទាប់ពីឧត្តមសេនីយ៍ Voravat បានមកដល់ ហើយលោក Surachate ក៏បានអនុញ្ញាតឲ្យស្រាវជ្រាវ។
ផ្ទះរបស់ឧត្តមសេនីយ៍ Surachate ស្ថិតនៅផ្លូវ Soi Vibhavadi 60 ត្រូវបានគេរាយការណ៍ថា ក្នុងចំណោម ផ្ទះប្រហែល ៣០ ដែលត្រូវឆែកឆេរ កាលពីថ្ងៃច័ន្ទក្នុងទីក្រុងបាងកក និងខេត្តចំនួនប្រាំគឺ Phetchaburi, Samut Prakan, Khon Kaen, Udon Thani និង Saraburi ។
ផ្ទះផ្សេងទៀតត្រូវបានគេរាយការណ៍ថា ជារបស់មន្ត្រីប៉ូលិសតូចតាច ដែលស្និទ្ធនឹងលោកឧត្តមសេនីយ Surachate ហើយត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធ នៅក្នុងទីតាំងល្បែងអនឡាញដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសឡាវ ដែលមានចរាចរប្រាក់ប្រហែលមួយពាន់លានបាត។
ប៉ូលីស CCIB ដែលស៊ើបអង្កេតប្រតិបត្តិការហិរញ្ញវត្ថុ នៃបណ្តាញនេះ បានរកឃើញភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ចុះបញ្ចូលតុលាការ ឱ្យចេញដីកាស្វែងរក និងចាប់ខ្លួន ។
ក្នុងប្រតិបត្តិការ “Big Cleaning Day” មន្រ្តីមួយចំនួន រួមទាំងនគរបាល ថ្នាក់ឧត្តមសេនីយ៍ទោផងដែរ និងវរសេនីយ៍ឯកប៉ូលិសម្នាក់ ក្នុងក្រុមស៊ើបអង្កេត ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ Surachate ត្រូវបានរាយការណ៍ថាត្រូវបានចាប់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា