តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានឲ្យដឹងថា កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹង អាចឈានដល់ ប្រសិនបើសហរដ្ឋអាមេរិក បញ្ឈប់ អាកប្បកិរិយាផ្ទុយ របស់ខ្លួន។
របាយការណ៍នេះបានឲ្យដឹងថា លោក Amir-Abdollahian បានធ្វើការកត់សម្គាល់ទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រក្នុងទីក្រុងញូវយ៉ក ខណៈពេលដែលបានរៀបរាប់លម្អិត អំពីកិច្ចប្រជុំរបស់លោក នៅខាងក្រៅសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ។
លោកបានលើកឡើងថា “យើងជឿជាក់ថា នៅក្នុងទិដ្ឋភាពនៃការដោះដូរអ្នកទោស ដែលបានធ្វើឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅដើមសប្តាហ៍នេះ ប្រសិនបើភាគីអាមេរិកឈប់ប្រព្រឹត្តិផ្ទុយគ្នា និងបង្ហាញពីចេតនាពិតប្រាកដរបស់ខ្លួន ការសម្រេចបាននូវកិច្ចព្រមព្រៀងមួយ សម្រាប់ការវិលត្រឡប់របស់ភាគីទាំងអស់ទៅកាន់ JCPOA និងការដកចេញនូវទណ្ឌកម្មលើក្រុងតេអេរ៉ង់ នឹងមិនហួសពេលវេលាឡើយ។
លោក Amir-Abdollahian បានកត់សម្គាល់ថា លោកបានជួបជាមួយសមាជិក នៃក្រុមអ្នកគិតអាមេរិក និងអតីតមន្ត្រីអាមេរិកមួយចំនួន នៅទីក្រុងញូវយ៉ក ដើម្បីពិភាក្សាយ៉ាងច្បាស់អំពីបញ្ហាទ្វេភាគី ដែលមួយក្នុងចំណោមនោះ គឺជាវិធីសាស្រ្ត “ខុស” របស់សហរដ្ឋអាមេរិក ចំពោះអ៊ីរ៉ង់ និង JCPOA ។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើការដោះដូរអ្នកទោសកាលពីថ្ងៃចន្ទ ដោយភាគីនីមួយៗបានដោះលែងអ្នកជាប់ឃុំចំនួន ៥នាក់ ក្រោមកិច្ចព្រមព្រៀង ដែលឈ្មួញកណ្តាលកាតា។
កាលពីថ្ងៃច័ន្ទផងដែរ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានលើកឡើងថា អ៊ីរ៉ង់បើកចំហ ចំពោះកិច្ចចរចានុយក្លេអ៊ែរ ដោយប្រយោលជាមួយសហរដ្ឋអាមេរិក នៅខាងក្រៅ UNGA ដែលបានឃើញវត្តមានរបស់ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់៕
ប្រែសម្រួល ឈូក បូរ៉ា