ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រើប្រាស់យន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ ១៩គ្រឿង និងមីស៊ីល១១គ្រាប់ វាយប្រហារអ៊ុយក្រែន ត្រូវតែអ៊ុយក្រែន បាញ់ទម្លាក់ទាំងអស់

រូបភាពពី៖​ AFP

បរទេស៖ មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ការការពារដែនអាកាសរបស់ប្រទេសរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើតំបន់ពីរនៃប្រទេសរុស្ស៊ី ក៏ដូចជានៅលើសមុទ្រខ្មៅ និងឧបទ្វីបគ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅលើ Telegram ថា ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន២គ្រឿងពីលើតំបន់ Kursk និង២គ្រឿងទៀតលើតំបន់ Bryansk ។ តំបន់ទាំងពីរជាប់ព្រំដែនអ៊ុយក្រែន។

លោក Roman Starovoyt អភិបាលតំបន់ Kursk បាននិយាយថា ផ្ទះជាច្រើនខ្នង និងអគាររដ្ឋបាលមួយត្រូវបានខូចខាត ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ។ ក្រសួងការពារជាតិរុស្ស៊ីក៏បាននិយាយផងដែរថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន ៤ គ្រឿងនៅលើតំបន់គ្រីមៀ និងភាគពាយ័ព្យនៃសមុទ្រខ្មៅ។

ដោយឡែក យោធាអ៊ុយក្រែនវិញ បាននិយាយនៅថ្ងៃចន្ទថា រុស្ស៊ីបានវាយប្រហារពេលយប់ជាមួយនឹងយន្តហោះគ្មានមនុស្សបើកចំនួន ១៩ គ្រឿង មីស៊ីល ១២ គ្រាប់ និង មីស៊ីលប្រឆាំងនាវាចំនួន ២ គ្រាប់។

យោធាបាននិយាយថា ការការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed ផលិតដោយអ៊ីរ៉ង់ទាំង ១៩ គ្រឿង ក៏ដូចជាមីស៊ីល ១១គ្រាប់។

ការផ្តោតសំខាន់មួយនៃការវាយប្រហារគឺតំបន់ Odesa នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ជាកន្លែងដែលក្រុមមន្ត្រីបាននិយាយថា ស្ត្រីម្នាក់បានរងរបួស និងមានការខូចខាតដល់ឃ្លាំង និងផ្ទះឯកជនមួយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top