ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ ​ស៊ើប​អង្កេត​ផ្ទះ ​របស់​អគ្គស្នងការ​រង ​នគរបាល​ជាតិ និងត្រូវ​តែ​មាន​អ្នកមក ​ពី​ខាង​ក្រៅ​កម្លាំង ​នគរបាល ដើម្បី​ធានា​ពីយុត្តិធម៌

ប្រភព ៖ Xinhua

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រែថា ថាវីស៊ីន បានបញ្ជាឱ្យបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេត លើឧប្បត្តិហេតុមួយ ពាក់ព័ន្ធនឹងក្រុមមន្ត្រី នគរបាលប្រឆាំងឧក្រិដ្ឋកម្ម តាមប្រព័ន្ធអ៊ីនធឺណេត ដែលបានចុះឆែកឆេរលំនៅដ្ឋាន របស់អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ ស៊ូរ៉ាឆាត កាលពីព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយក​រដ្ឋមន្ត្រី​ថៃ បានធានា​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​អំពី​ការ​ប្រព្រឹត្តិ​ដោយ​យុត្តិធម៌។ លោក ស្រែថា បញ្ជាក់​ថា គណៈកម្មការ​ស៊ើប​អង្កេត​ត្រូវ​តែ​មាន​មនុស្ស​មក​ពី​ខាង​ក្រៅ​កម្លាំង​នគរបាល ដើម្បី​ធានា​បាន​យុត្តិធម៌។

លោក ស្រែថា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ដែលគ្រប់គ្រងលើ ស្នងការនគរបាលស៊ីវិលផងដែរ កំពុងនិយាយបន្ទាប់ពីក្រុមប៉ូលីសប្រឆាំងឧក្រិដ្ឋកម្ម អ៊ីនធឺណេតចំនួន ៣០ នាក់ដែលមានដីកាស្វែងរក ដែលចេញដោយតុលាការបានព្យាយាមឆែកឆេរ លំនៅដ្ឋានរបស់លោកឧត្តមសេនីយ ស៊ូរ៉ាឆាត ជុំវិញការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធ ក្នុងការលេងល្បែងអនឡាញខុសច្បាប់ដោយលោក ស៊ូរ៉ាឆាត និង ឬអ្នកក្រោមបង្គាប់របស់លោក។

លោក ស្រែថា បាន​និយាយ​ថា លោក​បាន​ទទួល​របាយការណ៍​ដំបូង​អំពី​បញ្ហា​នេះ ប៉ុន្តែ​មិន​ទាន់​មាន​ព័ត៌មាន​បន្ថែម​ទៀត​ទេ​រហូត​មក​ដល់​ពេល​នេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top