ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ចេញមកស្វាគមន៍ ក្រុមទេសចរចិន ដែលទទួលបានការលើកលែង ទិដ្ឋាការលើកដំបូង នៅព្រលានយន្តហោះ សុវណ្ណភូមិ

ប្រភព ៖ Khaosod
" "

បរទេស ៖ នាយករដ្ឋមន្ត្រីថៃ ស្រែថា ថាវីស៊ីន បានដឹកនាំពិធីទទួលស្វាគមន៍ភ្ញៀវទេសចរចិន នៅអាកាសយានដ្ឋានសុវណ្ណភូមិ និងនៅទីក្រុងបាងកក កាលពីថ្ងៃចន្ទ ដោយកត់សម្គាល់ការចាប់ផ្តើម នៃការលើកលែងទិដ្ឋាការ ឬគោលនយោបាយគ្មានទិដ្ឋាការ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញជាអធិបតី ក្នុងពិធីស្វាគមន៍ភ្ញៀវទេសចរចិនដែលមកដល់ តាមជើងហោះហើរ XJ 761 ដំណើរការដោយក្រុមហ៊ុន Thai AirAsia X ហោះហើរពីទីក្រុង Xian ខេត្ត Shaanxi ទៅកាន់ព្រលានយន្តហោះសុវណ្ណភូមិ ។

" "

ជើងហោះហើរនេះ បាននាំអ្នកដំណើរចំនួន ៣៤១ នាក់ ដែលជាអ្នកទេសចរដំបូងគេ មកពីប្រទេសចិន ដែលបានទទួលគោលនយោបាយ លើកលែងទិដ្ឋាការ របស់រដ្ឋាភិបាលថៃ សម្រាប់អ្នកធ្វើដំណើរដែលកាន់លិខិតឆ្លងដែន ឬឯកសារធ្វើដំណើររបស់ប្រទេសចិន និងកាហ្សាក់ស្ថាន។ គោលនយោបាយនេះចូលជាធរមាន ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២៧។

" "

អាជ្ញាធរទេសចរណ៍ថៃ (TAT) បានរៀបចំពិធីស្វាគមន៍ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាននៅអាកាសយានដ្ឋានធំៗ ចំនួនបួនគឺ សុវណ្ណភូមិ ដុនមឿង ឈៀងម៉ៃ និង អាកាសយានដ្ឋាន ភូកេត ។

វិធានការមួយក្នុង ចំណោមវិធានការ ជាច្រើនរបស់ថៃ គឺវិធីសាស្រ្តសកម្ម ក្នុងការធ្វើឱ្យប្រសើរឡើង នូវភាពងាយស្រួល នៃការធ្វើដំណើរទៅកាន់ប្រទេសថៃ តាមរយៈគោលនយោបាយលើកលែងទិដ្ឋាការ។ ទាំងប្រទេសចិន និងកាហ្សាក់ស្ថានត្រូវបានចាត់ទុកថា ជាទីផ្សារដែលមានសក្តានុពលខ្ពស់ និងមានអត្រាកំណើន គួរឱ្យកត់សម្គាល់ ដែលមានសារៈសំខាន់សម្រាប់ការងើបឡើងវិញ ទាំងមូលនៃឧស្សាហកម្មទេសចរណ៍ថៃ៕
ប្រែសម្រួលៈ ណៃ តុលា

To Top