ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ នាយករដ្ឋមន្ត្រី ប្រជុំកោះសាឡូម៉ូន រិះគន់យ៉ាងខ្លាំង ចំពោះជប៉ុន នៅអង្គការសហប្រជាជាតិ

ថ្ងៃទី២២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ ពេលថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សា ដេញដោលជាទូទៅ នៃមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៨ លោក ManassehSogavare នាយករដ្ឋមន្ត្រី ប្រជុំកោះសាឡូម៉ូន បានថ្កោលទោស ចំពោះទង្វើរបស់ជប៉ុន ដែលបង្ហូរទឹកវិទ្យុសកម្ម នុយក្លេអ៊ែរ ទៅក្នុង សមុទ្រដោយអះអាងថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ជប៉ុន ស្តីពីការបង្ហូរទឹកវិទ្យុសកម្ម នុយក្លេអ៊ែរទៅក្នុងសមុទ្រ ។

លោកSogavareបានថ្លែងថា ប្រជុំកោះសាឡូម៉ូន ឈរនៅជាមួយបណ្ដាប្រទេសកោះប៉ាស៊ីហ្វិកផ្សេងទៀត ដែលមានមតិយោបល់ដូចគ្នា ដោយសម្តែងការភ្ញាក់ ផ្អើលចំពោះសេចក្ដី សម្រេចចិត្តរបស់ជប៉ុន ស្តីពីការបង្ហូរទឹកវិទ្យុសកម្ម នុយក្លេអ៊ែរ ចំនួន១លានតោន ចូលទៅក្នុងសមុទ្រ ។ លោកបាន លើកឡើងថា របាយការណ៍វាយតម្លៃ របស់អង្គការ ថាមពលបរមាណូ អន្តរជាតិ គ្មានសេចក្តីសន្និដ្ឋាន ទិន្នន័យវិទ្យាសាស្ត្រ ដែលផ្តល់ ដោយជប៉ុន នោះ មិនពេញលេញនិងមិនគ្រប់ជ្រុងជ្រោយទេ ។ ប្រសិនបើទឹកវិទ្យុសកម្មនុយក្លេអ៊ែរមានសុវត្ថិភាព នោះគួរតែស្តុកទុក ក្នុងប្រទេសជប៉ុន។ ការពិតដែលទឹកទាំងនេះ ត្រូវបង្ហូរចូលទៅ ក្នុងសមុទ្រនេះ បានបញ្ជាក់ថា វាមិនមានសុវត្ថិភាពនោះទេ ។ ទង្វើនេះបានជះឥទ្ធិពល ឆ្លងប្រទេសនិង ឆ្លងសម័យកាល ដែលជាការវាយប្រហារ ចំពោះទំនុកចិត្តនិងសាមគ្គីភាព របស់សកលលោក ។ ដូច្នេះការសម្រេចចិត្ត របស់ជប៉ុននេះ បានបញ្ចេញ ព័ត៌មាន យ៉ាងច្បាស់លាស់ថា អាយុជីវិតរបស់យើង ប្រជាជនរបស់យើង គឺមិនសំខាន់ទេ !

លោកSogavare ក៏បានអំពាវនាវឱ្យជប៉ុន ស្វែងរកជំរើស នៃដំណោះស្រាយទឹកវិទ្យុសកម្ម នុយក្លេអ៊ែរផ្សេងទៀត ហើយបញ្ឈប់ការបង្ហូរ ទឹកវិទ្យុសកម្ម នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកជាបន្ទាន់ ។ លោកបានកត់សម្គាល់ថា ប្រសិនបើចង់ស្តារទំនុកចិត្តគ្នាឡើងវិញ និងស្តារសាមគ្គីភាព សកលឡើងវិញ នោះចាំបាច់ឱ្យការពារសមុទ្រ របស់យើងដោយស្មោះត្រង់ នេះជាខ្សែជីវិតរបស់ប្រជាជនយើង ។

ហេតុអ្វីបានជាលោកSogavare ខឹងសម្បារយ៉ាងខ្លាំងប៉ុន្នឹង ចំពោះករណីដែលជប៉ុនបានបង្ហូរទឹក វិទ្យុសកម្មនុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ? ជាបឋម គឺដោយសារទីតាំងភូមិសាស្ត្រពិសេស នៃប្រជុំកោះសាឡូម៉ូន ។ ប្រជុំកោះសាឡូម៉ូនស្ថិតនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក គឺជាប្រទេសមួយ ដែលបង្កើតឡើង ដោយកោះចំនួនលើសពី៩៩០។ ក្នុងនាមជាប្រទេសបណ្ដុំកោះមួយ ប្រភពសេដ្ឋកិច្ចនិង អាហារនៃប្រជុំកោះសាឡូម៉ូន គឺពឹងផ្អែក ទៅលើធនធាន សមុទ្រកម្រិតខ្ពស់ ។ ប៉ុន្តែ បន្ទាប់ពីប្រទេសជប៉ុន មិនអើពើនឹងការប្រឆាំងពីអន្តរជាតិ ដោយចាប់ផ្តើមបង្ហូរទឹកវិទ្យុ សកម្មនុយក្លេអ៊ែរ ចូលទៅក្នុង សមុទ្រប៉ាស៊ីហ្វីក ខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រជុំកោះសាឡូម៉ូន ប្រហែលនឹងរងការវាយប្រហារ ខូចខាតយ៉ាងដំណំ ។ អ្វីដែលសំខាន់ជាងនេះទៀតគឺ គេមិនអាចរស់នៅនៅកន្លែង ដែលឆ្ងាយពីសមុទ្រដូចប្រជាជន របស់ប្រទេសលើដីគោកបានទេ មហាជនប្រទេសកោះ ដែលមានតែអាច រស់នៅឆ្នេរសមុទ្រ ទាំងនោះ នឹងរងការវាយប្រហារផ្ទាល់ពីវិទ្យុ សកម្មនុយក្លេអ៊ែរ ហើយសុខភាពរបស់ពួកគេ នឹងរងផលប៉ះពាល់ កម្រិតណា យើងមិនអាចប៉ាន ប្រមាណបានទេ!
ទី២ មូលហេតុសំខាន់មួយទៀត ដែលបណ្តាប្រទេសសមុទ្រប៉ាស៊ីហ្វិក បូករួមទាំងប្រជុំកោះសាឡូម៉ូនជាដើម ប្រឆាំងយ៉ាងដាច់ខាត ចំពោះជប៉ុនដែលបង្ហូរទឹកវិទ្យុសកម្ម នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ គឺដោយសារពួកគេធ្លាប់បានរងទុក្ខវេទនា ពីវិទ្យុសកម្មនុយក្លេអ៊ែររួចហើយ។
បន្ទាប់ពីទទួលបានជ័យជំនះ ក្នុងសង្គ្រាមលោកលើកទី២ ដោយចង់សម្រេចបាននូវ គោលបំណងដូចជា សាកល្បងអាវុធនុយគ្លេអ៊ែរជាដើម អាមេរិកបានធ្វើពិសោធន៍ នុយក្លេអ៊ែរមួយចំនួននៅជុំវិញ ប្រជុំកោះMarshallដែលស្ថិតនៅភាគឦសាន នៃប្រជុំកោះសាឡូម៉ូន។ តាមការផ្សាយដំណឹងឱ្យដឹងថា ក្នុងអំឡុងពេលពីឆ្នាំ១៩៤៦រហូតដល់ឆ្នាំ១៩៥៨ អាមេរិកបានធ្វើការសាកល្បង នុយក្លេអ៊ែរចំនួន៦៧លើក នៅប្រជុំកោះ Marshall ដែលបានបណ្តាល ឱ្យកោះប៉ាស៊ីហ្វីក អេកូឡូស៊ីនៃសមុទ្រ និងសុខាភាពប្រជាជនរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះទៀត អាមេរិកថែមទាំងដឹកជញ្ជូនដី ដែលត្រូវបំពុលដោយវិទ្យុសកម្មនុយក្លេអ៊ែរចំនួនជាង១៣០តោន នៅកន្លែងធ្វើពិសោធន៍នុយក្លេអ៊ែររបស់រដ្ឋNevada យកមកចាក់នៅប្រជុំកោះMarshall ។ គិតមកទល់សព្វថ្ងៃនេះ អ្នករស់នៅតំបន់នេះ នៅតែរងទុក្ខវេទនាយ៉ងខ្លាំងដូចជាវិទ្យុសកម្មនុយក្លេអ៊ែរ ការបំពុលសត្វនិងរុក្ខជាតិសមុទ្រ និងការធ្លាយចេញ នៃសំណល់នុយក្លេអ៊ែរជាដើម ។
បន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានបង្ខំឱ្យបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រនៅថ្ងៃទី២៤ខែសីហា តាមការស្រាវជ្រាវពាក់ព័ន្ធបានបង្ហាញថា ទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ប្រហែលនឹងរីកសាយភាយដល់ស្ទើរ តែសមុទ្រប៉ាស៊ីហ្វិក ទាំងមូលនៅ១០ឆ្នាំក្រោយ។ ពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានផ្សាយដំណឹងថា ការបង្ហូរទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រជុំទី២ របស់ជប៉ុន ត្រូវបានគេប៉ានប្រមាណថា នឹងដំណើរការពីចុងខែកញ្ញា ដល់ដើមខែតុលា ។ ជប៉ុនមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងរបស់បណ្តាប្រទេស សមុទ្រប៉ាស៊ីហ្វិក ហើយចចេសបង្ហូរទឹកវិទ្យុសកម្ម នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ មុខជាត្រូវប្រឈមមុខនឹងការថ្កោលទោស ការដេញដោលទំនួលខុសត្រូវ និងការទាមទារសំណងពីប្រទេស តាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក ក៏ដូចជាការដាក់ទោស ពីប្រវត្តិសាស្ត្រជាមិនខាន៕
អត្ថបទ និងរូបភាពដោយវិទ្យុជាតិ កម្ពុជាចិន

To Top