ព័ត៌មានអន្តរជាតិ

UNHRC បញ្ជូនសម្ភារៈសង្គ្រោះ ក្នុងពេលមានគ្រោះទឹកជំនន់ ទៅកាន់ប្រទេសលីប៊ី

ប្រភព ៖ xinhua

ទ្រីប៉ូលី ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ថា ឧត្តមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា (UNHCR) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូន សម្ភារៈសង្គ្រោះ ទៅកាន់ប្រទេសលីប៊ី ដើម្បីជាការឆ្លើយតប របស់ខ្លួនជួយ នៅពេលមានគ្រោះទឹកជំនន់ដ៏អាក្រក់ ដែលបានកើតឡើង នៅតំបន់ភាគខាងកើតប្រទេសនេះ ។

សេចក្តីថ្លែងការណ៍របស់ UNHCR បានឲ្យដឹងថា នៅក្នុងរយៈពេល២ថ្ងៃ កន្លងមកនេះ អង្គការ UNHCR បានប្រគល់ឱសថសំខាន់ៗ ដើម្បីព្យាបាលអ្នកជំងឺជាង ១០.០០០ នាក់នៅមន្ទីរពេទ្យដែលនៅទីវាល ក្នុងទីក្រុង Derna ជាទីក្រុងដែលរងគ្រោះខ្លាំងបំផុតដោយសារគ្រោះទឹកជំនន់ ហើយបានផ្តល់សាលចំនួន២ និងម៉ាស៊ីនភ្លើងចំនួន២គ្រឿង ដល់មន្ទីរពេទ្យ និងបន្ទប់សង្គ្រោះបន្ទាន់សុខភាព ប្រទេសលីប៊ី ។

ឧត្តមស្នងការខាងលើបានឲ្យដឹងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង១៨.៣៥៥នាក់ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ បានទទួលសម្ភារៈសង្គ្រោះ ដូចជា សម្ភារអនាម័យ ក្រដាស់ប្លាស្ទិក ភួយ ឈុតផ្ទះបាយ និងចង្កៀងសូឡា ដោយបានបញ្ជាក់ទៀតថា ជំនួយបន្ថែមទៀតកំពុងដំណើរការបញ្ជូនទៅ ។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែកញ្ញា ព្យុះ Daniel ដែលបោកបក់ពីសមុទ្រមេឌីទែរ៉ាណេ បានបង្កជាគ្រោះ ទឹកជំនន់ដ៏ខ្លាំងក្លា និងអាក្រក់បំផុត របស់ប្រទេសលីប៊ី ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ហើយគ្រោះទឹកជំនន់នេះបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្តាលឱ្យខូចខាត ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top