ព័ត៌មានអន្តរជាតិ

UPDATE: ភ្ញៀវទេសចរចិន ៥លាននាក់ រំពឹងថា នឹងចូលមកលេងប្រទេសថៃ តាមគោលការណ៍លើកលែងទិដ្ឋាការរបស់ក្រុងបាងកក

រូបភាពពី៖​ Government House

បរទេស៖ យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា យ៉ាងហោចណាស់ភ្ញៀវទេសចរចិនចំនួន ៥ លាននាក់ត្រូវបានគេរំពឹងថា នឹងទៅទស្សនាប្រទេសថៃនៅចុងឆ្នាំនេះ បន្ទាប់ពីគោលនយោបាយលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលសម្រាប់ប្រទេសចិន និងកាហ្សាក់ស្ថាន បានចូលជាធរមានកាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនចិន និងកាហ្សាក់ស្ថាន គឺជាផ្នែកមួយនៃវិធានការសកម្ម Quick Win ដែលបន្តរហូតដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំក្រោយ ដូចដែលបានប្រកាសដោយក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៨ ខែកញ្ញា។

  នាយករដ្ឋមន្ត្រីថៃ លោកស្រែថា ថាវីស៊ីន គឺបានទៅស្វាគមន៍ភ្ញៀវទេសចរចិនដោយផ្ទាល់ នៅអាកាសយានដ្ឋានសុវណ្ណភូមិនៅថ្ងៃចន្ទជាថ្ងៃដំបូងនៃគោលនយោបាយលើកលែងទិដ្ឋាការនេះ។

លោក ស្រែថា បានស្វាគមន៍ក្រុមអ្នកទេសចរចិនដំបូងចំនួន ៣៤១ នាក់ ពីជើងហោះហើរ Thai AirAsia នៅអាកាសយានដ្ឋានសុវណ្ណភូមិ៕ ប្រែសម្រួលៈ ណៃ តុលា

To Top