ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ការវាយប្រហារដោយមីស៊ីល ទៅលើទីក្រុង Sevastopol បានធ្វើឱ្យខូចខាតអគារ ប្រវត្តិសាស្ត្រ នៃទីបញ្ជាការកងនាវាចរសមុទ្រខ្មៅ របស់រុស្ស៊ី ហើយអាមេរិក បានបង្កើនការហោះហើរឈ្លបយកការណ៍រនៅជិតឧបទ្វីបគ្រីមៀ ៣ដងចាប់តាំងពីដើមឆ្នាំមក ។
យោងតាមទិន្នន័យពីវិបផតថល Flightradar24 សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត របស់អង្គការណាតូ បានបង្កើនចំនួនជើងហោះហើរ ឈ្លបយកការណ៍នៅជិត ឧបទ្វីបគ្រីមៀ ៣ដងចាប់តាំងពីដើមឆ្នាំមក ដោយមានចំនួនពី ៧ ទៅ ២១ដង ក្នុងមួយសប្តាហ៍។
ក្នុងអំឡុងពេលសប្តាហ៍នៃថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកញ្ញា យន្តហោះឈ្លបយកការណ៍ របស់សហរដ្ឋអាមេរិក និងយន្តហោះដ្រូនយុទ្ធសាស្ត្រ ព្រមទាំង “កាយរឹទ្ធិ” នៃសម្ព័ន្ធមិត្តណាតូរបស់ពួកគេ បានហោះហើរចំនួន ២១ ជើងនៅជិតឧបទ្វីបគ្រីមៀ ។
ភាគច្រើនដែលអាចមើលឃើញ គឺយន្ដហោះអាមេរិក P-8A Poseidon និង EP-3E Aries II, British RC-135W Rivet Joint និង E-3A Sentry ដែលមានមូលដ្ឋាននៅលុចសំបួ ឆ្លងកាត់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសរូម៉ានី។ យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្រ RQ-4B Global Hawk របស់អាមេរិក បានហោះពីលើសមុទ្រខ្មៅភាគកណ្តាល និងខាងកើត ហើយភាគច្រើនហោះហើរ ៦លើក ក្នុងចំណោម ២១លើក ត្រូវបានហោះហើរដោយយន្តហោះអាមេរិក ។
ផ្ទុយទៅវិញ នៅដើមឆ្នាំ និង នៅនិទាឃរដូវ អាកាសចរណ៍អាមេរិក និង អង្គការណាតូ បានធ្វើការហោះហើរជាមធ្យមមួយ ជើងក្នុងមួយថ្ងៃនៅក្នុង តំបន់សមុទ្រខ្មៅ ។ ជាឧទាហរណ៍ ក្នុងអំឡុងសប្តាហ៍នៃថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា អាកាសចរណ៍ណាតូ ភាគច្រើនជាយន្តហោះ និងដ្រូន UAVs របស់សហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការតែ ៧លើកប៉ុណ្ណោះនៅក្នុងតំបន់ ហើយក្នុងសប្តាហ៍នៃថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា មានតែ ៥លើកប៉ុណ្ណោះ ៕
ប្រែសម្រួល ឈូក បូរ៉ា