វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្តល់ប្រាក់កម្ចីចំនួន ២ ពាន់លានដុល្លារដល់ប្រទេសប៉ូឡូញ ដើម្បីគាំទ្រដល់ ទំនើបកម្មផ្នែកការពារជាតិ ដែលកំពុងបន្តរបស់ប្រទេសនេះ។
ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ថ្ងៃនេះ សហរដ្ឋអាមេរិក មានមោទនភាព ក្នុងការប្រកាសពីការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់ហិរញ្ញប្បទាន យោធាបរទេស (FMF) ចំនួន ២ ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ទំនើបកម្មវិស័យ ការពារជាតិ របស់ប្រទេសប៉ូឡូញ។
កិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មយោធា របស់ប្រទេសប៉ូឡូញ នៅទូទាំងជួរដ៏ធំទូលាយនៃសមត្ថភាព រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការការពារ និងការរារាំងនៃតំបន់បូព៌ា របស់អង្គការណាតូ។
ការចេញផ្សាយបានឲ្យដឹងថា រដ្ឋបាលលោក បៃដិន កំពុងផ្តល់ប្រាក់រហូតដល់ ៦០លានដុល្លារនៅក្នុង FMF ដើម្បីរ៉ាប់រងថ្លៃដើមនៃប្រាក់កម្ចីនេះ ដើម្បីពន្លឿនការទិញទំនិញ និងសេវាកម្មយោធាជាបន្ទាន់របស់ប្រទេសប៉ូឡូញ ពីសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា