បាងកក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារឲ្យដឹងថា ការនាំចេញរបស់ប្រទេសថៃឡង់ដ៏ បានកើនឡើងជាលើកដំបូងនៅក្នុងរយៈពេល១១ខែគិតត្រឹមខែសីហា ដោយសារការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្មកាន់តែខ្ពស់ ស្របពេលរូបិយប័ណ្ណបាតធ្លាក់ចុះ ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានកើនឡើង២,៦ភាគរយកាលពីខែមុន ធៀបនឹងឆ្នាំមុន ដល់ទៅ២៤,២៧ពាន់លានដុល្លារអាមេរិក ។
ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កំណើននេះត្រូវបានគេសន្មតថា ជាសញ្ញាប្រសើរឡើងពីវិស័យផលិតកម្មពិភពលោកបើធៀបនឹងខែមុនៗ បើទោះបីជាវានៅតែមានកម្រិតទាបជាងកម្រិតធម្មតាក៏ដោយ ប៉ុន្តែក្រសួងបាននឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដូច្នេះ ដោយបានបន្ថែមថា ការធ្លាក់ថ្លៃប្រាក់បាតថៃនៅក្នុងកម្រិតសមស្របមួយក៏បានប្រសើរវិញផងដែរ ។
ការវិភាគទិន្នន័យបានបង្ហាញថា ការនាំចេញផលិតផលឧស្សាហកម្មរបស់ប្រទេសថៃឡង់ដ៏ បានកើនឡើង២,៥ភាគរយនៅក្នុងខែសីហា ធៀបនឹងឆ្នាំមុន ខណៈដែលផលិតផលកសិកម្មបានកើនឡើង៤,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺកើនឡើងពីការធ្លាក់ចុះ៧,៧ភាគរយកាលពីខែមុន ។
យ៉ាងណាមិញ ការនាំចេញទំនិញកសិឧស្សាហកម្មបានថយចុះ៧,៦ភាគរយកាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះពីការធ្លាក់ចុះ ១១,៨ភាគរយនៅក្នុងខែកក្កដា ដែលជាការធ្លាក់ចុះរយៈពេល៥ខែជាប់ៗគ្នា ។
ទិន្នន័យក៏បានចង្អុលបង្ហាញផងដែរថា ការនាំចូលរបស់ប្រទេសថៃឡង់ដ៏វិញ បានថយចុះ១២,៨ភាគរយពីឆ្នាំមុនមកនៅ២៣,៩១ពាន់លានដុល្លារក្នុងខែសីហា ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្ម ចំនួន៣៥៩លានដុល្លារ ។
ក្រសួងបានឱ្យដឹងថា សម្រាប់រយៈពេល៨ខែដំបូងនៃឆ្នាំនេះការនាំចេញរបស់ព្រះរាជាណាចក្រថៃឡង់ដ៏ បានធ្លាក់ចុះ៤,៥ ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលការនាំចូលបានថយចុះ៥,៧ភាគរយដែលផ្តល់លទ្ធផលឱនភាពពាណិជ្ជកម្មចំនួន៧.៩២ពាន់លានដុល្លារ ។
លោក Keerati Rushchano លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងពាណិជ្ជកម្ម បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយថា ក្រសួងរំពឹងថា នឹងមានការកើនឡើងវិញបន្តិចម្តងៗនៃការនាំចេញនៅក្នុងខែដែលនៅសល់នៃឆ្នាំនេះ ជាពិសេសគិតចាប់ពីខែតុលាដល់ខែធ្នូ ដែលជាវដ្តមួយដែលមានការបញ្ជាទិញកើនឡើងច្រើន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា