ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងត្បូង៖ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នឹងធ្វើឱ្យមានការបញ្ចប់ នៃរបបកូរ៉េខាងជើង

រូបភាពពី៖​ KYODO

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានព្រមានថា រាល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយរបបកូរ៉េខាងជើង នឹងបញ្ចប់របស់របបនេះ ខណៈដែលប្រទេសនេះ បានរៀបចំព្យុហយាត្រាយោធាទ្រង់ទ្រាយធំនៅទីក្រុងសេអ៊ូលជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ក្នុងការរំលឹកដល់ទិវាកងកម្លាំងប្រដាប់អាវុធ។

ថ្លែងនៅក្នុងពិធីដែលធ្វើឡើងនៅមូលដ្ឋានអាកាសទីក្រុងសេអ៊ូល ក្បែររដ្ឋធានីកូរ៉េខាងត្បូង លោក Yoon បានលើកឡើងថា “របបកូរ៉េខាងជើង ត្រូវតែដឹងថាអាវុធនុយក្លេអ៊ែរ នឹងមិនរក្សាសុវត្ថិភាពឡើយ”។

លោកបន្ដថា “ប្រសិនបើកូរ៉េខាងជើង ប្រើប្រាស់អាវុធនុយក្លេអ៊ែរ របបរបស់ខ្លួននឹងត្រូវបញ្ចប់ដោយការឆ្លើយតបដ៏លើសលប់ពីសម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Yoon ក៏បានសំដៅលើសេចក្តីប្រកាសរួមមួយដែលបានអនុម័តជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេក្នុងខែមេសា ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-អាមេរិក-ជប៉ុន ដែលបានបង្កើតឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលត្រីភាគីនៅជំរុំ Camp David កាលពីខែមុន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top