បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្តេជ្ញាបរិច្ចាគប្រាក់ខែ និងប្រាក់ឧបត្ថម្ភ ពីជួបជុំទាំងអស់ របស់លោក ដែលរកបានក្នុងពេលកាន់តំណែង ទៅដល់មូលនិធិផ្សេងៗ ក្នុងប្រទេសថៃ ដោយចាប់ផ្តើមពីមូលនិធិកុមារ។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បាននិយាយនៅថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Chai Wacharonke ថា នាយករដ្ឋមន្ត្រីមានជំនឿលើអំណាច នៃការផ្តល់ ដោយចាប់ផ្តើមពីខ្លួនលោក ខណៈដែលរដ្ឋាភិបាល បានចាប់ផ្តើមអនុវត្តគោល នយោបាយរបស់ខ្លួន ដើម្បីបង្កើតឱកាស លើកកម្ពស់សុខុមាលភាពប្រជាជន កាត់បន្ថយភាពខុសគ្នាក្នុងសង្គម និងគាំទ្រដល់ការអប់រំរបស់កុមារ។
ប្រាក់ចំណូលប្រចាំខែរួមរបស់លោក សេដ្ឋា ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ សរុបចំនួន ១២៥.៥៩០បាត (រួមទាំងប្រាក់ខែ ៧៥.៥៩០បាត និងប្រាក់ឧបត្ថម្ភមុខតំណែង ៥០.០០០បាត) នឹងត្រូវបញ្ជូនតាមរយៈមូលនិធិដើម្បីជួយអ្នកខ្វះខាត។
លោកថា ក្រុមការងារនឹងបង្កើតឡើង ដើម្បីជ្រើសរើសមូលនិធិ ដើម្បីទទួលអំណោយរបស់នាយករដ្ឋមន្ត្រី តាមលំដាប់លំដោយជាអាទិភាព ដោយមូលនិធិសម្រាប់កុមារជាអ្នកទទួលផលដំបូង ។
អ្នកនាំពាក្យរូបនេះបាននិយាយថា ក្រៅពីការបរិច្ចាគ លោកនាយករដ្ឋមន្ត្រី ក៏នឹងព្យាយាមជួបជាមួយមូលនិធិ សប្បុរសធម៌ផ្សេងៗ ដើម្បីស្តាប់បញ្ហារបស់ពួកគេ និងស្វែងរកដំណោះស្រាយផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា