ព័ត៌មានអន្តរជាតិ

ប៉ូឡូញ ពិចារណាត្រួតពិនិត្យ ព្រំដែនជាមួយអាល្លឺម៉ង់ លើបញ្ហាជនអន្ដោប្រវេសន៍

រូបភាពពី៖​ AFP

បរទេស៖ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ប៉ូឡូញ បានឲ្យដឹងថា ប៉ូឡូញ​កំពុង​ពិចារណា​លើ​ការ​ដាក់​ការ​គ្រប់​គ្រង​ព្រំដែន​ជាមួយ​ប្រទេស​ផ្សេង​ទៀត​រួម​ទាំង​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Rafal Bochenek អ្នកនាំពាក្យគណបក្សច្បាប់ និងយុត្តិធម៌ បានប្រាប់ទូរទស្សន៍ TVP របស់ប្រទេសនេះថា “ខ្ញុំដឹងថា ការវិភាគប្រភេទនេះ កំពុងដំណើរការ ដោយសារប្រទេសអាល្លឺម៉ង់ ជារឿយៗជាគោលដៅ សម្រាប់ជនចំណាកស្រុកខុសច្បាប់”។

លោក​បាន​បន្ថែម​ថា ប្រទេស​ប៉ូឡូញ ​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​ជន​ចំណាក​ស្រុក​មក​ប៉ូឡូញ ​ពី​ប្រទេស​អាល្លឺម៉ង់។ លោក​បាន​បន្ត​ថា​”យើង​ចង់​ធានា​សុវត្ថិភាព​ប៉ូល​​ នេះ​ជា​អាទិភាព​សម្រាប់​យើង​”។កាលពីឆ្នាំមុន ប្រទេសអាល្លឺម៉ង់ បានទទួលយកជនចំណាកស្រុកខុសច្បាប់ប្រហែល ១០ម៉ឺន នាក់ និងជិត ៧ម៉ឺននាក់នៅឆ្នាំនេះ។

ការកត់សម្គាល់របស់លោក បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី Mateusz Morawiecki បានប្រាប់ការជួបជុំបោះឆ្នោតកាលពីថ្ងៃចន្ទថា លោកបានបញ្ជាឱ្យត្រួតពិនិត្យយានយន្តនៅព្រំដែនប៉ូឡូញ-ស្លូវ៉ាគី ដើម្បីបញ្ឈប់ជនចំណាកស្រុកមិនឱ្យឆ្លងកាត់ប្រទេសប៉ូឡូញ តាមផ្លូវរបស់ពួកគេទៅកាន់ប្រទេសអាល្លឺម៉ង់ តាមរយៈផ្លូវ ដែលហៅថា បាល់កង់ ។

ទោះបីជាប្រទេសទាំងនេះជាផ្នែកមួយនៃតំបន់ Schengen គ្មានព្រំដែនក៏ដោយ រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ Nancy Faeser បានឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ នឹងពង្រឹងការគ្រប់គ្រងព្រំដែនកាន់តែខ្លាំងជាមួយប៉ូឡូញ និងសាធារណរដ្ឋឆេក ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស៕ ប្រែសម្រួល ឈូក បូរ៉ា

To Top