ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង​ អនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ​ ស្តីពីការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ

Kyodo

សេអ៊ូល៖ កូរ៉េខាងជើង បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបញ្ចូលគោលនយោបាយ “អភិវឌ្ឍអាវុធនុយក្លេអ៊ែរឱ្យ បានលឿនដល់កម្រិតខ្ពស់” ក្នុងអំឡុងពេលសម័យប្រជុំសភា ដ៏សំខាន់មួយកាលពីដើមសប្តាហ៍នេះ ដោយមេដឹកនាំលោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើតម្រូវការក្នុងការរារាំង “ការបង្កហេតុរបស់យោធាអាមេរិក”។

នៅក្នុងសម័យប្រជុំរយៈពេលពីរថ្ងៃ នៃសភាប្រជាជនកំពូលរហូតដល់ថ្ងៃពុធ លោក គីម បានឲ្យដឹងថា “យើងមិនត្រូវផ្លាស់ប្តូរ ឬទទួលស្គាល់ជំហរបច្ចុប្បន្ន របស់ប្រទេសរបស់យើង ជារដ្ឋអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែផ្ទុយទៅវិញ បន្តពង្រឹងកម្លាំងនុយក្លេអ៊ែរបន្ថែមទៀត។

ការដាក់បញ្ចូលគោលនយោបាយ ជំរុញកម្លាំងនុយក្លេអ៊ែររបស់ខ្លួននៅក្នុងច្បាប់កំពូល គឺជា “ជំហានដ៏សំខាន់បំផុត ដែលត្រឹមត្រូវ និងសមហេតុសមផល” ដោយសំដៅលើសារៈសំខាន់នៃការពន្លឿនការធ្វើ ទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ប្រទេស ប្រឆាំងនឹងសហរដ្ឋអាមេរិក។

លោក​ គីម​ បានលើកឡើងថា ការបង្កើត “សម្ព័ន្ធភាពយោធាត្រីកោណ” ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ទីបំផុតបាននាំឱ្យមានការលេចចេញនូវ “អង្គការណាតូបែបអាស៊ី” ដែលលោកបានពិពណ៌នាថាជា “ការគំរាមកំហែងជាក់ស្តែងដ៏អាក្រក់បំផុត” ។

របាយការណ៍បានឧ្យដឹងថា លោកក៏បានរិះគន់ទីក្រុងវ៉ាស៊ីនតោនចំពោះការ “បង្កើនការគំរាមកំហែងសង្គ្រាមនុយក្លេអ៊ែរ” ដល់ប្រទេសកូរ៉េខាងជើងដោយ ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ និងការដាក់ពង្រាយទ្រព្យសម្បត្តិ នុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់ខ្លួន នៅជិតឧបទ្វីបកូរ៉េជាអចិន្ត្រៃយ៍។

វិសោធនកម្មរដ្ឋធម្មនុញ្ញបានកើតឡើង ប្រហែលមួយឆ្នាំបន្ទាប់ពីទីក្រុងព្យុងយ៉ាង​ បានអនុញ្ញាតឱ្យមានការប្រើប្រាស់ អាវុធនុយក្លេអ៊ែរជាមុននៅក្នុងច្បាប់ថ្មី នៅឯសម័យប្រជុំសភា ហើយបានបញ្ជាក់ថាស្ថានភាព របស់ប្រទេសជារដ្ឋអាវុធនុយក្លេអ៊ែរបានក្លាយទៅជា “មិនអាចត្រឡប់វិញបាន” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top