ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីម៉ិកស៊ិក ចោទប្រកាន់សមាជិកសភាអាមេរិក ពីបទធ្វើនយោបាយ លើការកាត់បន្ថយ ការជួញដូរគ្រឿងញៀន

ប្រភព ៖ Kyodo

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានពណ៌នាអំពីវិសោធនកម្ម ដែលបានអនុម័ត ដោយសភា តំណាងសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំង នឹងការជួញដូរគ្រឿងញៀន fentanyl នៅក្នុងប្រទេសម៉ិកស៊ិកថា ជា “ការធ្វើនយោបាយ” ។

លោក Lopez Obrador បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកថា សមាជិកសភាអាមេរិក កំពុងប្រើ “ការឃោសនាដ៏អាក្រក់” ជាមួយនឹងការបោះឆ្នោត ប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ដែលខិតជិតមកដល់។

លោកប្រធានាធិបតីបានលើកឡើងថា ជំនួសឱ្យ “ការធ្វើនយោបាយ” សមាជិកសភាអាមេរិក គួរតែបង្កើតផែនការគាំទ្រដ៏ទូលំទូលាយមួយ សម្រាប់ប្រទេសដែលមានបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយលំហូរចំណាកស្រុក។

សភាតំណាងសហរដ្ឋអាមេរិក បានអនុម័តវិសោធនកម្មលើថវិការបស់ក្រសួងការបរទេសកាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងកាត់បន្ថយកម្មវិធីមួយចំនួន សម្រាប់ការជួយម៉ិកស៊ិកប្រយុទ្ធប្រឆាំងនឹងការជួញដូរ fentanyl នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។

លោក Lopez Obrador បានបន្ថែមថា អ្នកនយោបាយអាមេរិក ក៏គួរតែដោះស្រាយបញ្ហាដែលយុវជនប្រឈមមុខនៅក្នុងសហរដ្ឋអាមេរិក ដែលនាំឱ្យពួកគេងាក ទៅរកគ្រឿងញៀនខុសច្បាប់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top