បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាមានហេតុការណ៍បផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងនៅក្បែរទៅនឹងទីស្នាក់ការកណ្តាល នៃក្រសួងមហាផ្ទៃរបស់ប្រទេសតួគីដែលស្ថិតនៅក្នុងទីក្រុងអង់ការ៉ា។
ប្រភពដដែលបានសរសេរទៀតថា ការបំផ្ទុះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យនេះគឺជាការប៉ុនប៉ងវាយប្រហារភេរវកម្មនេះបើតាមអាជ្ញាធរហើយ ជនដៃដល់ចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ ម្នាក់បានបំផ្ទុះខ្លួនឯង ចំណែកម្នាក់ទៀតត្រូវបានកម្លាំងសន្តិសុខចាប់ខ្លួនបាន។
មន្ត្រីបាននិយាយថា មន្ត្រីប៉ូលិសពីរនាក់បានរងរបួសក្នុងការហេតុការណ៍នេះហើយជាការឆ្លើយតបទៅនឹងការវាយប្រហារនេះ ប្រធានាធិបតី Recep Tayyip Erdogan បាននិយាយថា ក្រុមភេរវករ នឹងមិនជោគជ័យក្នុងការបំផ្លាញសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសតួគីជាដាច់ខាត។
គួរឲ្យដឹងដែរថាការវាយប្រហារដោយគ្រាប់បែកអត្តឃាតបានកើតឡើងនៅថ្ងៃដែលសភារបស់ ប្រទេសតួគីត្រូវបានកំណត់ពេលដើម្បីកោះប្រជុំឡើងវិញបន្ទាប់ពីការឈប់សម្រាករដូវក្តៅរបស់ខ្លួនហើយ របាយការណ៍បង្ហាញថា ទោះបីជាយ៉ាងណាក្តីសម័យប្រជុំត្រូវបានរំពឹងថានឹងដំណើរការតាមការគ្រោងទុកដដែល៕ ប្រែសម្រួល៖ស៊ុនលី