ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី អង់គ្លេស បញ្ជាក់អំពីជំហរ នៃកងកម្លាំងយោធា អង់គ្លេស នៅអ៊ុយក្រែន

ប្រភព៖ Xinhua

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានអះអាងហើយថា ចក្រភពអង់គ្លេស នឹងមិនមានគម្រោងបញ្ជូន កងកម្លាំងយោធា របស់ខ្លួនទៅកាន់ប្រទេស អ៊ុយក្រែននោះឡើយ។

ប្រភពដដែលមានការលើកឡើង ដែលសរសេរថា អង់គ្លេសនឹងបញ្ជូនកងយោធា របស់ខ្លួនទៅកាន់អ៊ុយក្រែន ដើម្បីបណ្តុះបណ្តាល កងទ័ពក្នុងស្រុក ហើយលោកនាយករដ្ឋមន្ត្រី អង់គ្លេសរូបនេះ បានចេញមកអះអាងថាមាន ការរាយការណ៍ខុសខ្លះ នៃការអត្ថាធិប្បាយ ដោយរដ្ឋមន្ត្រីការពារជាតិ Grant Shapps ដែលបានបំផុសគំនិតនេះ។

ក្នុងអំឡុងដំណើរ ទស្សនកិច្ច ទៅកាន់ទីក្រុង Burnley កាលពីថ្ងៃអាទិត្យ លោក Sunak បាននិយាយថា លោកចង់ ធ្វើឱ្យស្ថានភាព នេះមានភាពច្បាស់លាស់ ដោយពន្យល់ថាលោក Shapps មិនមែនមានន័យថា ទាហានអង់គ្លេស នឹងត្រូវដាក់ពង្រាយនៅអ៊ុយក្រែន ក្នុងអំឡុងពេលមានជម្លោះ ជាមួយរុស្ស៊ីនោះទេ។

យោងតាមការអះអាង របស់លោកនាយករដ្ឋមន្ត្រី ដដែលបានបញ្ជាក់ថា អត្ថន័យរបស់លោករដ្ឋមន្ត្រី ការពារជាតិតាមពិតគឺ ចង់និយាយថាវាអាច ទៅរួចនៅថ្ងៃណាមួយនាពេលអនាគត សម្រាប់អង់គ្លេស ក្នុងការហ្វឹកហាត់យោធាខ្លះៗ នៅក្នុងប្រទេសអ៊ុយក្រែនតែម្តង ៕
ប្រែសម្រួល៖ស៊ុនលី

To Top