វ៉ាស៊ីនតោន៖ ធនាគារពិភពលោក កាលពីថ្ងៃអាទិត្យបានព្យាករណ៍ ពីកំណើន ៥,១ភាគរយ សម្រាប់សេដ្ឋកិច្ចចិន ក្នុងឆ្នាំ២០២៣ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព សេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលទើបចេញផ្សាយថ្មី របស់ខ្លួន ។
លោក Aaditya Mattoo ប្រធានសេដ្ឋវិទូប្រចាំ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ធនាគារពិភពលោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ស៊ីនហួថា “ប្រទេសចិន មានចំណុចខ្លាំងគួរឱ្យកត់សម្គាល់” ។
សេដ្ឋវិទូរូបនេះបានលើកឡើងថា “វាបានបង្ហាញពីជម្រៅដ៏អស្ចារ្យរបស់ខ្លួននៅក្នុងការផលិត ប៉ុន្តែមិនត្រឹមតែនៅក្នុងការ ផលិតជាមូលដ្ឋានប៉ុណ្ណោះទេ ប្រភេទនៃការផលិត ប្រកបដោយភាពច្នៃប្រឌិត ដែលប្រទេសចិន កំពុងវាយលុក ជាប្រភេទសមត្ថភាពមនុស្ស ដែលត្រូវបានបង្កើតឡើង នៅក្នុងប្រទេសចិន” ។
លោក Mattoo បានកត់សម្គាល់ថា ប្រទេសចិនមានផែនការធានា នូវគុណភាព នៃកំណើនកាន់តែប្រសើរឡើង ហើយមិនគ្រាន់តែគិតពីរបៀប ដែលកំណើនអាចត្រូវបានពន្លឿនក្នុងរយៈពេលខ្លីនោះទេ ។
លោកបានបន្តថា “តើប្រទេសចិន នឹងរីកចម្រើនប៉ុន្មាននោះគឺជាសំណួរដែលមិនចាប់អារម្មណ៍ជាងរបៀបដែលចិនជ្រើសរើស ដើម្បីរីកចម្រើន”៕
ប្រែសម្រួល ឈូក បូរ៉ា