បរទេស៖ ក្រសួងការងារ យុទ្ធជនពិការ និង សង្គមកិច្ច (MOLISA) របស់ វៀតណាម បានស្នើពន្យារពេលកិច្ចប្រជុំចរចា ប្រាក់បៀវត្សរ៍រហូតដល់ត្រីមាសទី ៤ ឆ្នាំ ២០២៣ ដោយសារមិនមានមូលដ្ឋាន វិទ្យាសាស្ត្រ និងជាក់ស្តែងគ្រប់គ្រាន់ ដើម្បីស្នើសុំពេលវេលា ដើម្បីកែសម្រួលប្រាក់ឈ្នួល អប្បបរមាក្នុងតំបន់។
នៅប្រទេសវៀតណាម បច្ចុប្បន្ននេះ ប្រាក់បៀវត្សរ៍អប្បបរមាប្រចាំខែ របស់កម្មករនិយោជិត ដែលកំពុងធ្វើការ នៅសហគ្រាសនៅតំបន់ទី ១ គឺ ៤,៦៨ លានដុង (១៩២ ដុល្លារអាមេរិក) នៅតំបន់ទី ២ គឺ ៤,១៦ លានដុង (១៧០,៧ ដុល្លារ) នៅតំបន់ទី ៣ គឺ ៣,៦៤ លានដុង (១៤៩,៤ ដុល្លារ) និង នៅតំបន់ទី ៤ គឺ ៣,២៥ លានដុង (១៣៣,៣ ដុល្លារ)។
យោងតាមសារព័ត៌មាន VietNam News ចេញផ្សាយកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អាស្រ័យហេតុនេះ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានបញ្ជូនការ បញ្ជូនសារផ្លូវការទៅកាន់ការិយាល័យរដ្ឋាភិបាល ដើម្បីពន្យាពេលការ ដាក់ចេញនូវក្រឹត្យដែលកំណត់ប្រាក់ឈ្នួល អប្បបរមាសម្រាប់ និយោជិតដែល កំពុងធ្វើការក្រោមកិច្ចសន្យាការងារ ។
ក្រសួងត្រូវបានចាត់ឱ្យបង្កើតក្រឹត្យនេះ ហើយដាក់ជូនរដ្ឋាភិបាលនៅខែតុលា ឆ្នាំ២០២៣។
MOLISA បានឱ្យដឹងថា សេដ្ឋកិច្ច ក្នុងត្រីមាសទី២ និងខែដំបូងនៃត្រីមាសទី៣ ឆ្នាំនេះបានបង្ហាញសញ្ញា នៃភាពប្រសើរឡើង។
ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសេដ្ឋកិច្ចសង្គម និងសន្តិសុខក្នុងតំបន់ និងពិភពលោក នៅតែបន្តមានការ ប្រែប្រួលស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់វៀតណាម។
អាជីវកម្មកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ដោយសារការនាំចេញធ្លាក់ចុះ ហើយការវិនិយោគពីបរទេសនៅទ្រឹង។
កាលពីចុងខែសីហា ក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិ បានចេញរបាយការណ៍ ជាលាយលក្ខណ៍អក្សរជូនរដ្ឋាភិបាលដើម្បីពិចារណាលើផែនការ ប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ២០២៤៕
ប្រែសម្រួលៈ ណៃ តុលា