ព័ត៌មានអន្តរជាតិ

ទិន្នន័យកម្មវិធី របស់នាវាមុជទឹកកោះតៃវ៉ាន់ បែកធ្លាយដល់ដៃទីក្រុងប៉េកាំង

AFP

បរទេស៖ រដ្ឋអាជ្ញារបស់កោះតៃវ៉ាន់ កំពុងស៊ើបអង្កេតការចោទប្រកាន់ ដែលព័ត៌មានអំពីនាវាមុជទឹកផលិត ក្នុងស្រុកដំបូងរបស់ខ្លួនត្រូវបាន បែកធ្លាយដល់ទីក្រុងប៉េកាំង។ នាវាមុជទឹកដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា “Hai Kun” ជា​ភាសា​ចិន និង “Narwhal” ជា​ភាសា​អង់គ្លេស ត្រូវ​បាន​ដាក់​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ការស៊ើបអង្កេតនេះត្រូវបានបើក បន្ទាប់ពីប្រធានកម្មវិធីនាវាមុជទឹកការពារក្នុងស្រុក Huang Shu-kuang បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អ្នកម៉ៅការម្នាក់ដែលមិនបានទទួលការដេញថ្លៃ បានធ្វើឱ្យលេចធ្លាយព័ត៌មានអំពី គម្រោងនេះទៅកាន់ទីក្រុងប៉េកាំង។ លោក Huang ក៏​បាន​ចោទថា សមាជិក​សភា​តៃវ៉ាន់​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ធ្វើ​ឲ្យ​វា​មាន​ ការ​លំបាក​ក្នុង​ការ​ទិញ​ឧបករណ៍​សំខាន់ៗ។

ការ​អត្ថាធិប្បាយ​របស់​លោក Huang បាន​បង្ក​ការ​ខឹងសម្បារ​នៅ​ទីក្រុង​តៃប៉ិ ដោយ​ការិយាល័យ​រដ្ឋអាជ្ញា​កំពូល​ បាន​ប្រកាស​ពី​ការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ។ វាបាននិយាយកាលពីថ្ងៃចន្ទថា ការចោទប្រកាន់នេះបានទាក់ទាញ “ការយកចិត្តទុកដាក់យ៉ាងខ្លាំង” ហើយថា រដ្ឋអាជ្ញាត្រូវបានណែនាំឱ្យ “ស៊ើបអង្កេតករណីនេះឱ្យបានឆាប់តាមដែលអាច ធ្វើទៅបានដើម្បីការពារសន្តិសុខជាតិ” ។

នាវាមុជទឹកដែលគ្រោងនឹងចូលរួម ជាមួយកងនាវារបស់តៃវ៉ាន់នៅឆ្នាំ ២០២៥ គឺជាការប៉ុនប៉ងដើម្បីពង្រឹងកងទ័ពជើងទឹក របស់កោះនេះក្នុងអំឡុងពេលភាពតានតឹង កើនឡើងរបស់ទីក្រុងតៃប៉ិជាមួយចិនដីគោក ដែលបន្តចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ។

ថ្មីៗនេះ ក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីសកម្មភាព “មិនប្រក្រតី” នៃយន្តហោះយោធា និងនាវាចម្បាំងរបស់ទីក្រុងប៉េកាំង ជុំវិញកោះនេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top