ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ ជំរុញឱ្យមេដឹកនាំយោធាផ្អាកការទិញសព្វាវុធថ្មីៗ

Photo: Pattarapong Chatpattarasill)

បរទេស៖ ប្រភពបានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានស្នើឱ្យកងកម្លាំងប្រដាប់អាវុធពន្យារពេលផែនការលទ្ធកម្មអាវុធសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដើម្បីឱ្យរដ្ឋាភិបាលអាចចំណាយថវិកាដើម្បីជួយអ្នកដែលត្រូវការជំនួយបំផុត។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រភពបានប្រាប់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃចន្ទថា លោកសេដ្ឋា បានណែនាំរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sutin Klunsang និងអគ្គលេខាធិកាលោក Prommin Lertsuridej ឱ្យជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ដើម្បីសុំឱ្យពន្យារពេលលទ្ធកម្មអាវុធសម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ។

លោកនាយករដ្ឋមន្ត្រីចង់ឲ្យថវិកាត្រូវចំណាយលើការប្រឹងប្រែងជាបន្ទាន់ដើម្បីជួយប្រជាពលរដ្ឋ។ ប្រភពបាននិយាយថា ថវិកាដែលត្រូវបានអនុម័តរួចហើយនឹងនៅតែមិនមានការផ្លាស់ប្តូរ»។

មេបញ្ជាការកងទ័ពអាកាសថៃ (RTAF) ដែលទើបតែងតាំងថ្មី គឺឧត្តមសេនីយ៍ Phanphakdee Phatthanakul បានបញ្ជាក់ថា រដ្ឋាភិបាលបានស្នើឱ្យកងកម្លាំងប្រដាប់អាវុធផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ ភ្លើងឆេះព្រៃ និងបញ្ហាអ័ព្ទជាដើម។ លោក Phanphakdee ក៏បានច្រានចោលរបាយការណ៍ដែលបាននិយាយថា មេបញ្ជាការកងទ័ពអាកាសថៃ គ្រោងនឹងទិញយន្តហោះចម្បាំង Gripen ចំនួន៣គ្រឿងពីស៊ុយអែត ដើម្បីបន្ថែមទៅកងយន្តហោះរបស់ខ្លួន Wing 7 ក្នុងខេត្ត Surat Thani បន្ទាប់ពីសហរដ្ឋអាមេរិកបដិសេធមិនលក់យន្តហោះចម្បាំង F-35A មកឱ្យខ្លួន។

ប្រភពពី RAF បាននិយាយថា កងទ័ពអាកាសបានទិញយន្តហោះចម្បាំង Gripen ចំនួន ១២ គ្រឿង ប៉ុន្តែបានបាត់បង់មួយគ្រឿងក្នុងឧបទ្ទវហេតុធ្លាក់ ដោយបន្ថែមថា យន្តហោះចម្បាំង Gripen នីមួយៗមានតម្លៃប្រហែល ២ ពាន់លានបាត។

លោកឧត្តមសេនីយ៍ Phanphakdee បាននិយាយថា RTAF នឹងមិនស្វែងរកការទិញយន្តហោះចម្បាំងក្នុងឆ្នាំសារពើពន្ធ ២០២៤នោះទេ គឺដោយសារតែស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ RTAF នឹងពិចារណាលើការទិញយន្តហោះចម្បាំងថ្មីក្នុងឆ្នាំសារពើពន្ធ ២០២៥ ដោយលោកបានបន្ថែមថា ក្រុមការងារនឹងត្រូវបង្កើតឡើងដើម្បីពិចារណាលើបញ្ហានេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top