រ៉ាម៉ាឡា៖ រដ្ឋាភិបាលប៉ាឡេស្ទីន បានបង្កើតគណៈកម្មាធិការ ថ្នាក់រដ្ឋមន្ត្រីមួយ ដើម្បីប្រឈមមុខនឹងការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅតំបន់ C នៃតំបន់វេសបែង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
បន្ទាប់ពីកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ដែលបានធ្វើឡើង នៅទីក្រុងរ៉ាម៉ាឡា រដ្ឋាភិបាល ប៉ាឡេស្ទីន បានឲ្យដឹងក្នុងសេចក្តី ថ្លែងការណ៍មួយថា គណៈកម្មាធិការថ្មី នឹងផ្តោតលើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ C រួមទាំងការសាងសង់ផ្លូវថ្នល់ ការរៀបចំដីឡើងវិញ និងការពង្រីកបណ្តាញ អគ្គិសនី ក៏ដូចជាទឹក និងបណ្តាញទំនាក់ទំនង។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “គណៈកម្មាធិនេះមានគោលបំណងគាំទ្រដល់អត្ថិភាពនៃប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ C ដោយការដាក់អធិបតេយ្យភាពរបស់យើងលើតំបន់នេះ និងការកែលម្អជីវិតទីក្រុងនៅក្នុងទឹកដី” ។
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye ត្រូវបានដកស្រង់សម្តីដោយឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលអ៊ីស្រាអែល ដែលកំពុងកាន់អំណាច បានព្យាយាមបញ្ចូលតំបន់ C ដោយកត់សម្គាល់ថា តំបន់នេះគឺជា “ផ្នែកសំខាន់មួយនៃទឹកដីទាំងមូល នៃរដ្ឋប៉ាឡេស្ទីន” ។
ជាផ្នែកដ៏ធំបំផុត និងជាផ្នែកយុទ្ធសាស្ត្រ ដ៏សំខាន់បំផុតនៃតំបន់វេសបែង តំបន់ C លាតសន្ធឹងលើផ្ទៃដី៣,៤៥៦គីឡូម៉ែត្រ ការ៉េ ឬប្រហែល ៦០ ភាគរយនៃទឹកដី។
យោងតាមកិច្ចព្រមព្រៀង Oslo ដែលបានចុះហត្ថលេខារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្នុងឆ្នាំ១៩៩៣ តំបន់វេសបែង ត្រូវបានបែងចែក ជាបីតំបន់ ដោយតំបន់ A ស្ថិតក្រោមការគ្រប់គ្រង សន្តិសុខ និង រដ្ឋបាលពេញលេញ របស់អាជ្ញាធរ ប៉ាឡេស្ទីន (PA) និងតំបន់ C ស្ថិតក្រោមការគ្រប់គ្រង ពេញលេញ របស់អ៊ីស្រាអែល។ PA អនុវត្តការគ្រប់គ្រងរដ្ឋបាល លើតំបន់ B ប៉ុន្តែចែករំលែកការគ្រប់គ្រងសន្តិសុខ ជាមួយអាជ្ញាធរអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា