បរទេស ៖ យោងតាមការចេញផ្សាយ ដែលត្រូវបានដកស្រង់ចេញ ពីកាសែតអូទ្រីស Die Presse បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសស៊ុយអែត Tobias Billstrom បានភ្លេចលិខិតឆ្លងដែន និងមិនអាចចូលអ៊ុយក្រែន សម្រាប់កិច្ចប្រជុំកំពូលក្រុមប្រឹក្សា សហភាពអឺរ៉ុប នៅទីក្រុងគៀវបានឡើយ។
ទោះបីជាយ៉ាងណាក្តី តាមប្រភពដដែលគេ ក៏សង្កេតឃើញដែរថា មានរដ្ឋមន្ត្រីអ៊ឺរ៉ុប ជាច្រើនរូបផ្សេងទៀត ដែលខកខានចូលរួមកិច្ចប្រជុំនេះ ដូចគ្នាដែរ ។ កិច្ចប្រជុំ ដែលគេមើលឃើញជាកិច្ចប្រជុំ សម្រាប់ផ្តល់សាមគ្គីភាពរវាងគ្នា ប៉ុន្តែមិនមានជំនួយយោធាថ្មីទេ ដល់អ៊ុយក្រែនឡើយ។
គួរឲ្យដឹងដែរថាដោយសារតែភ្លេច លិខិតឆ្លងដែន លោក Billstrom ត្រូវបាន ហាមឃាត់មិនឱ្យឆ្លងកាត់ព្រំដែន ប៉ូឡូញទៅដល់ប្រទេសអ៊ុយក្រែនឡើយ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុបនៅទីក្រុងគៀវ ។
ដូច្នេះលោកBillstrom បានខកខានក្នុងការធ្វើដំណើរ រយៈពេល៨ម៉ោងទៅកាន់រដ្ឋធានីអ៊ុយក្រែន សម្រាប់ការជួបជុំគ្នា ។ ថ្វីបើកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ ដែលវាជាលើកទីមួយ ដែលក្រុមប្រឹក្សាសហភាពអឺរ៉ុប ធ្លាប់ជួបនៅខាងក្រៅព្រំដែនក៏ដោយ វាបានផ្តល់នូវជំនួយជាក់ស្តែង តិចតួចសម្រាប់អ៊ុយក្រែនប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី