បរទេស ៖ មនុស្សប្រហែល ៧០០ នាក់ ត្រូវបានចុះបញ្ជីថា ជា “ពួកម៉ាហ្វៀ” ដែលជាប់ពាក់ព័ន្ធ ក្នុងការបង្ក្រាបសកម្មភាព ខុសច្បាប់ របស់រដ្ឋាភិបាលដែលជាប់ទាក់ទង ជាមួយមនុស្សមានឥទ្ធិពលទាំងនេះនៅទូទាំងប្រទេស, នេះបើយោងតាមលោក Karom Polpornklang អ្នកនាំពាក្យរងរដ្ឋាភិបាល ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យរូបនេះ បាននិយាយថា ចងក្រងដោយក្រសួង មហាផ្ទៃ ដោយប្រើព័ត៌មានជំនួយ ដែលផ្តល់ដោយអាជ្ញាធរមូលដ្ឋាន និងសមាជិកសាធារណៈ បញ្ជីនេះនឹងត្រូវបញ្ជូន បន្តទៅគណៈកម្មាធិការរដ្ឋាភិបាល ដែលមានភារកិច្ចទប់ស្កាត់ សកម្មភាពរបស់ពួកគេ។
លោក Karom Polpornklang បន្តថា លោកនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានសង្កត់ធ្ងន់ទៅកាន់គណៈកម្មាធិការ និងអាជ្ញាធរផ្សេងទៀតទាំងអស់ ដែលចូលរួម អំពីសារៈសំខាន់នៃការធានាសុវត្ថិភាព និងការសម្ងាត់របស់ប្រជាពលរដ្ឋ ដែលផ្តល់ព័ត៌មានអំពីមនុស្សទាំងនេះ។
នាយករដ្ឋមន្រ្តីថៃ ក៏បានលើកឡើងពីភាពចាំបាច់ នៃការបង្កើតបរិយាកាសសុវត្ថិភាព សម្រាប់សាក្សីអនាគត ដើម្បីឲ្យពួកគេមានអារម្មណ៍ជឿជាក់ និងអាចសហការបាន ។
បើតាមអ្នកនាំពាក្យរងរដ្ឋាភិបាលថៃ គឺថា អ្នកដែលមានព័ត៌មានអំពីឧក្រិដ្ឋជន ដូចក្រុមម៉ាហ្វីយ៉ា អាចរាយការណ៍វាទៅរដ្ឋាភិបាលតាមរយៈប្រអប់សំបុត្រ ១១១១ នៃមជ្ឈមណ្ឌលអនុលោមភាពសាធារណៈរបស់រដ្ឋាភិបាល មជ្ឈមណ្ឌល Damrong Tham ដែលដំណើរការដោយក្រសួងមហាផ្ទៃទូទាំងប្រទេស និងលេខទាន់ហេតុការណ៍បណ្តាញប៉ូលីស Cyber Taskforce លេខ ១៥៩៩ ៕
ប្រែសម្រួលៈ ណៃ តុលា