កង់បេរ៉ា៖ ប្រធានទីភ្នាក់ងារជំនាញរបស់រដ្ឋាភិបាលបានព្រមានថា ប្រទេសអូស្ត្រាលី កំពុងប្រឈមមុខនឹងការខ្វះខាតជំនាញដ៏សំខាន់បំផុតរបស់ខ្លួនក្នុងរយៈពេល ៦០ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសុន្ទរកថាទៅកាន់ក្លឹបសារព័ត៌មានជាតិ (NPC) នៅទីក្រុងកង់បេរ៉ា នៅថ្ងៃពុធនេះ ស្នងការស្តីទី Jobs and Skills Australia (JSA) លោក Peter Dawkins បានឲ្យដឹងថា ត្រូវការវិធានការបន្ទាន់ ដើម្បីបណ្តុះបណ្តាលបុគ្គលិកជំនាញ សម្រាប់ការផ្លាស់ប្តូរថាមពលស្អាតរបស់ប្រទេស។
យោងតាមទិន្នន័យរបស់ JSA បានឲ្យដឹងថា ចំនួន ៣៦ភាគរយនៃមុខរបរកំពុងដោះស្រាយជាមួយនឹងកង្វះជំនាញនៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០២៣ កើនឡើងពី ៣១ភាគរយក្នុងឆ្នាំ២០២២ ដោយមានអ្នកបច្ចេកទេស និងកម្មករពាណិជ្ជកម្ម និងមុខរបរវិជ្ជាជីវៈដូចជា សុខភាព វិស្វកម្ម និងតួនាទីវិទ្យាសាស្ត្រ ដែលរងផលប៉ះពាល់ខ្លាំងបំផុត។
លោក Dawkins បានលើកឡើងថា “អូស្ត្រាលីកំពុងជួបប្រទះនឹងការខ្វះខាតជំនាញយ៉ាងទូលំទូលាយ ដែលដូចដែលយើងមិនបានឃើញតាំងពីទសវត្សរ៍ឆ្នាំ១៩៦០”។
វាស្របគ្នានឹងការចេញផ្សាយរបាយការណ៍ការងារ និងជំនាញឆ្នាំ២០២៣ របស់ JSA ដែលកំណត់ផែនទីបង្ហាញផ្លូវ ដើម្បីធានាថាតម្រូវការការងាររបស់អូស្ត្រាលីត្រូវបានបំពេញក្នុងរយៈពេល ៣ ទសវត្សរ៍ខាងមុខ ខណៈដែលប្រទេសនេះបន្តគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធ។
លោក Dawkins បានបន្ថែមថា “ការឈានដល់សូន្យសុទ្ធត្រឹមឆ្នាំ២០៥០ នឹងតម្រូវឱ្យមានការផ្លាស់ប្តូរកម្លាំងការងារនៅក្នុងប្រទេសអូស្ត្រាលី ដែលមានចំនួនច្រើន ប៉ុន្តែមិនធ្លាប់មានពីមុនមកទេ”៕
ប្រែសម្រួល ឈូក បូរ៉ា