ព័ត៌មានអន្តរជាតិ

អាមេរិក នឹងត្រូវបានស្ដីបន្ទោស ចំពោះវិបត្តិជនភៀសខ្លួនស៊ីរី នៅប្រទេសលីបង់

AFP

ប៉េរ៉ូត៖ គេហទំព័រ Al-Manar English បានរាយការណ៍ថា អគ្គលេខាធិការ Hezbollah របស់ប្រទេសលីបង់ លោក Sayyed Hassan Nasrallah បានឲ្យដឹងថា សហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវ ចំពោះវិបត្តិជនភៀសខ្លួនស៊ីរី។

នៅក្នុងសុន្ទរកថាដែលថ្លែងក្នុងពិធីរំលឹកខួបកំណើតរបស់ព្យាការី Mohammad ក្នុងទីក្រុងប៉េរ៉ូត កាលពីថ្ងៃចន្ទ លោក Nasrallah បានឲ្យដឹងថា សហរដ្ឋអាមេរិក ជាអ្នកទទួលខុសត្រូវ ចំពោះសង្គ្រាមនៅក្នុងប្រទេសស៊ីរី និងវិបត្តិសេដ្ឋកិច្ចនៅទីនោះ។

លោកបានកត់សម្គាល់បន្ថែមទៀតថា សហរដ្ឋអាមេរិកគឺជា “ពិរុទ្ធជនចម្បង” ដែលជាប់ពាក់ព័ន្ធក្នុងវិបត្តិជនភៀសខ្លួនស៊ីរី ដោយពន្យល់ថា សង្រ្គាមភេរវករ ដែលផ្តួចផ្តើមដោយទីក្រុងវ៉ាស៊ីនតោន គឺនៅពីក្រោយរលកទីមួយនៃការផ្លាស់ទីលំនៅស៊ីរី ហើយច្បាប់ Caesar គឺនៅពីក្រោយរលកផ្លាស់ទីលំនៅជាថ្មី។

ច្បាប់ Caesar ចូលជាធរមាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ គឺជាច្បាប់របស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មរដ្ឋាភិបាលស៊ីរីចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងប្រជាជនស៊ីរី។

លោក Nasrallah បានលើកឡើងថា “អ្នកដែលជឿថាការផ្លាស់ទីលំនៅរបស់ស៊ីរី គំរាមកំហែងដល់អត្ថិភាពរបស់ប្រទេសលីបង់ ត្រូវតែស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោនលុបចោលច្បាប់ Caesar ដើម្បីជួយសង្គ្រោះប្រទេសលីបង់” ដោយបន្ថែមថា ប្រសិនបើច្បាប់ Caesar ត្រូវបានលុបចោល ជនភៀសខ្លួនស៊ីរីរាប់សែននាក់ នឹងត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។

មេដឹកនាំ Hezbollah បានអំពាវនាវឱ្យគណបក្សនយោបាយផ្សេងៗនៅក្នុងប្រទេសលីបង់ បង្កើតគណៈកម្មាធិការសភា ឬគណៈរដ្ឋមន្ត្រី ដែលតំណាងឱ្យគ្រប់ផ្នែកនៃប្រទេសជាតិ ដើម្បីទប់ទល់នឹងវិបត្តិជនភៀសខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top