វ៉ាស៊ីនតោន៖ បុគ្គលិកពេទ្យ Kaiser Permanente ដែលជាអង្គការមិនរកប្រាក់ចំណេញ ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើកូដកម្មនៅព្រឹកថ្ងៃពុធ ដែលត្រូវបានគេរំពឹងថា នឹងឃើញសមាជិកសហជីពជាង ៧៥០០០ នាក់ដើរចេញពីមន្ទីរពេទ្យ និងការិយាល័យពេទ្យ បន្ទាប់ពីក្រុមហ៊ុន និងអ្នកចរចាការងារបរាជ័យក្នុងការ ដោះស្រាយវិវាទជុំវិញកម្រិតបុគ្គលិក។
CNBC បានរាយការណ៍ថា “សម្ព័ន្ធសហជីព Kaiser Permanente បានពិពណ៌នាអំពីការបញ្ឈប់ការងារថា ជាកូដកម្មដ៏ធំបំផុតរបស់បុគ្គលិកថែទាំសុខភាព ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក” ដោយកត់សម្គាល់ថា កូដកម្មនឹងផ្តោតលើមន្ទីរពេទ្យ Kaiser និងការិយាល័យពេទ្យនៅរដ្ឋកាលីហ្វ័រញ៉ា ខូឡូរ៉ាដូ អូរីហ្គន រដ្ឋ Virginia វើជីនៀ វ៉ាស៊ីនតោនជាដើម។
កម្មករផ្សេងទៀតគ្រោងនឹងដើរចេញនៅម៉ោង ៦ ព្រឹកម៉ោងក្នុងស្រុកនៅក្នុងរដ្ឋដែលនៅសល់ ហើយ កូដកម្មត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ព្រឹកថ្ងៃសៅរ៍។
កម្មករដែលធ្វើកូដកម្មរួមមាន គិលានុបដ្ឋាយិកាវិជ្ជាជីវៈ អ្នកបច្ចេកទេសផ្នែកសង្គ្រោះបន្ទាន់ អ្នកបច្ចេកទេសវិទ្យុសកម្ម អ្នកបច្ចេកទេសកាំរស្មីអ៊ិច អ្នកព្យាបាលផ្លូវដង្ហើម ជំនួយការពេទ្យ និងឱសថការី។
សហជីព Kaiser កំពុងទាមទារការវិនិយោគរយៈពេលវែង ដើម្បីដោះស្រាយបញ្ហាកង្វះបុគ្គលិក បន្ថែមពីលើប្រាក់ខែ និងអត្ថប្រយោជន៍កាន់តែប្រសើរ។ លោក Caroline Lucas នាយកប្រតិបត្តិនៃសម្ព័ន្ធ Kaiser Permanente Unions បានឲ្យដឹងថា វិបត្តិបុគ្គលិកបាននាំឱ្យមាន លក្ខខណ្ឌការងារមិនមានសុវត្ថិភាព និងការថែទាំអ្នកជំងឺកាន់តែយ៉ាប់យ៉ឺន។
លោក Lucas បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “យើងបន្តមានបុគ្គលិកថែទាំសុខភាពជួរមុខ ដែលត្រូវជួបបញ្ហា និងលាតសន្ធឹងដល់កម្រិតអតិបរមា ហើយចាកចេញពីឧស្សាហកម្មនេះ” ។ “យើងមានអ្នករងរបួសក្នុងការងារ ដោយសារពួកគេព្យាយាមធ្វើច្រើនពេក ហើយឃើញមនុស្សច្រើនពេក ហើយធ្វើការលឿនពេក។ វាមិនមែនជាស្ថានភាព ដែលមាននិរន្តរភាពនោះទេ” ៕
ប្រែសម្រួល ឈូក បូរ៉ា