បរទេស៖ រដ្ឋាភិបាលអាមេរិកបានដាក់កំហិតពាណិជ្ជកម្មថ្មីលើក្រុមហ៊ុនចិនចំនួន ៤២ ដែលអាមេរិកបានចោទថា បានផ្តល់សម្ភារៈសំខាន់ៗដែលប្រើក្នុងប្រព័ន្ធណែនាំមីស៊ីលដល់ឧស្សាហកម្មការពារជាតិរុស្ស៊ីចំពេលមានវិបត្តិអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសពីការពង្រីកបញ្ជីត្រួតពិនិត្យការនាំចេញចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយបន្ថែមអង្គភាពចិនរាប់សិប និងមកពីប្រទេសអេស្តូនី ហ្វាំងឡង់ អាល្លឺម៉ង់ ឥណ្ឌា តួកគី ចក្រភពអង់គ្លេស និងអេមីរ៉ាតអារ៉ាប់រួម។ ក្រុមហ៊ុននាំចេញរបស់សហរដ្ឋអាមេរិកទាមទារអាជ្ញាប័ណ្ណពិសេស ដែលពិបាកទទួលបាន ដើម្បីដឹកជញ្ជូនទំនិញទៅកាន់អតិថិជនក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ។
មន្ត្រីក្រសួងពាណិជ្ជកម្ម លោក Alan Estevez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពប្រឆាំងនឹងភាគី ដែលមានទីតាំងនៅកន្លែងណាក៏ដោយ ដែលជួយសម្រួលដល់ការលក់ទំនិញដែលមានដើមកំណើតពីសហរដ្ឋអាមេរិកទៅឱ្យយោធារបស់រុស្ស៊ីសម្រាប់សង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន” ។ “មិនថាផ្លូវនេះមានការរអាក់រអួលប៉ុណ្ណា ឬមានរបស់របរប៉ុន្មានដែលឆ្លងកាត់នោះទេ ប្រសិនបើវត្ថុដើមរបស់សហរដ្ឋអាមេរិកកំពុងស្វែងរកផ្លូវទៅកាន់យោធារបស់រុស្ស៊ី នោះយើងនឹងធ្វើការដោយមិនចេះនឿយហត់ដើម្បីបញ្ឈប់វា”។
បញ្ជីត្រួតពិនិត្យការនាំចេញគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបញ្ឈប់បច្ចេកវិទ្យាដែលមកពីសហរដ្ឋអាមេរិកពីការបញ្ជូនទៅឱ្យអ្នកម៉ៅការយោធា និងការពារជាតិរបស់រុស្ស៊ី។ សម្ភារៈអេឡិចត្រូនិចដែលជួយណែនាំមីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅកាន់គោលដៅរបស់ពួកគេគឺស្ថិតក្នុងចំណោមកង្វល់ខ្លាំងបំផុត៕ ប្រែសម្រួលៈ ណៃ តុលា