ព័ត៌មានអន្តរជាតិ

អាមេនី គម្រាមប្តូរសម្ព័ន្ធមិត្តចេញពីរុស្សី ទៅសហការបែបយោធា ជាមួយនឹងបារាំង

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេនីលោក Vahagn Khachaturyan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ប្រទេសរបស់លោកកំពុងសម្លឹងមើលកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅជាមួយបារាំង។ បច្ចុប្បន្នគេបានដឹងហើយថារដ្ឋាភិបាលទីក្រុង Yerevan គឺជាសមាជិកនៃប្លុកសេដ្ឋកិច្ច និងយោធាដែលដឹកនាំដោយទីក្រុងមូស្គូ។

ថ្នាក់​ដឹកនាំ​អាមេនី​ថ្មីៗនេះបានធ្វើការស្តី​បន្ទោស​រុស្ស៊ី​បន្ទាប់ពី​តំបន់​ផ្តាច់ខ្លួន Nagorno-Karabakh ដឹកនាំ​ដោយ​ជនជាតិ​អាមេនី​ត្រូវ​បាន​ប្រទេស Azerbaijan ដណ្តើម​យក​មកវិញ​កាលពីខែមុន។

ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលទីក្រុងមូស្គូក៏បានទទូចនៅសប្តាហ៍នេះថាខ្លួនបានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីដោះស្រាយបញ្ហានេះដោយចង្អុលបង្ហាញថាជាក់ស្តែងរដ្ឋាភិបាលទីក្រុង Yerevan បានទទួលស្គាល់អធិបតេយ្យភាពរបស់ Baku លើតំបន់នេះរួចហើយ។

លោកKhachaturyan បាននិយាយថា អាមេនី ត្រូវការដៃគូយោធាថ្មី ដោយបន្ថែមថា បារាំងបានបង្ហាញពីឆន្ទៈ ជួយយើង គាំទ្រយើង ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់យើង។

បន្ថែមលើសពីនោះលោកបានកត់សម្គាល់ថាការចរចាលើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធកំពុងដំណើរការរួចហើយ ដោយមានគោលបំណង បញ្ឈប់មហិច្ឆតារបស់ប្រទេស Azerbaijan៕ ប្រែសម្រួល៖ស៊ុនលី

To Top