ព័ត៌មានអន្តរជាតិ

Update​ ៖ យ៉ាងហោចណាស់ មនុស្សចំនួន១២០នាក់ស្លាប់ និងប្រមាណ១ពាន់នាក់រងរបួស ក្រោយហេតុការណ៍ រញ្ជួយដី នៅអាហ្វហ្គានីស្ថាន

ប្រភព៖Xinhua

អាហ្វហ្គានីស្ថាន ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ថា មន្ត្រីនៅក្នុងតំបន់មួយរូបមកពីទីក្រុង Herat បានប្រាប់ដល់ អ្នកយកព័ត៌មានថា យ៉ាងហោចណាស់មនុស្ស ១២០នាក់បានស្លាប់ និង ប្រហែល១.០០០ នាក់ផ្សេងទៀត បានរងរបួស ដោយសារគ្រោះរញ្ជួយដី បានធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់ទីក្រុង Herat របស់ប្រទេសអាហ្វហ្គានីស្ថាន និងខេត្តភាគខាងលិចទៀត ។

លោក Mawlawi Musa Ashari អ្នកគ្រប់គ្រងខេត្ត Herat ទទួលបន្ទុកជាអាជ្ញាធរ គ្រប់គ្រងគ្រោះមហន្តរាយជាតិ បានលើកឡើងថា អ្នករងរបួសប្រហែល ១.០០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងទីក្រុង Herat នៃខេត្តនេះ ។ មន្ត្រីដដែលនេះបានបញ្ជាក់ថា ភូមិចំនួន១២នៅក្នុងស្រុក Zindajan និង Ghorian នៃទីក្រុង Herat ត្រូវបានបំផ្លាញដោយសារតែគ្រោះរញ្ជួយដីនេះ ។

យោងតាមមជ្ឈមណ្ឌលបណ្តាញ តាមដានគ្រោះរញ្ជួយដីរបស់ប្រទេសចិន បានឲ្យដឹងថា គ្រោះរញ្ជួយដីចំនួន២ ដែលមានកម្រិត៦,២រ៉ិចទ័របានវាយប្រហារ មកលើប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍ ។

នៅមុននេះ សេចក្តីថ្លែងការណ៍របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ របស់ប្រទេសនេះបានឲ្យដឹងថា មនុស្សចំនួន១៥ នាក់បានស្លាប់ និង៤០នាក់បានរងរបួស ប៉ុន្តែអ្នកស្រុកជឿថា ចំនួនអ្នកស្លាប់អាចនឹងមានលើសពីនេះ ។

សេចក្តីថ្លែងការណ៍បានដាក់ថា ចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើង ចាប់តាំងពីមិនមានរបាយការណ៍ណាមួយត្រូវបានទទួលពីខេត្ត Badghis និង Farah ។

អ្នកស្រុកបានបញ្ជាក់ថា គ្រោះរញ្ជួយបានកើតឡើងនៅម៉ោងប្រហែល១១និង១០នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៦និង៤០នាទីម៉ោងសកល ដោយបង្ខំឲ្យមនុស្សចាកចេញពីផ្ទះរបស់ពួកគេ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ផ្ទះជាច្រើនខ្នងត្រូវបានខូចខាតដោយផ្នែក ឬបំផ្លាញទាំងស្រុងនៅក្នុងពេលមានគ្រោះរញ្ជួយដីនេះ ។

ក្រុមអ្នកជួយសង្គ្រោះត្រូវបានបញ្ជូន ទៅកាន់តំបន់រងគ្រោះ ដោយបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋាភិបាលខេត្តត្រូវបានណែនាំ ឱ្យសម្របសម្រួល ក្នុកិច្ចខិតខំប្រឹងប្រែង ចាំបាច់របស់ពួកគេជាមួយភ្នាក់ងារផ្តល់ជំនួយ ដើម្បីផ្គត់ផ្គង់ជំនួយមនុស្សធម៌ ដល់គ្រួសារដែលរងគ្រោះដោយការរញ្ជួយដីមួយនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top