ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអែល ប្រកាសអំពី “ស្ថានភាពសង្គ្រាម” នៅតែបន្តកើតមានឡើង ក្រោយពីមានការវាយប្រហារ ដ៏ធំពីក្រុម ហាម៉ាស់

រូបភាព៖Afp

យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ គណៈរដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអ៊ែល បានប្រកាសអំពី “ស្ថានភាពសង្រ្គាម” បន្ទាប់ពីមានការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលដ៏ធំមួយ ដែលបានធ្វើឡើង ដោយក្រុមហាម៉ាស គិតមកដល់ពេលនេះ បានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ ៧០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលការសងសឹក តាមដែនអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៤២៣នាក់នៅតំបន់ ហ្គាហ្សា ។

កងទ័ពអ៊ីស្រាអែល ហៅកាត់ថា (IDF)បានបន្តការវាយប្រហារតាមដែនអាកាសយ៉ាងខ្លាំងរបស់ខ្លួន ទៅលើគោលដៅនានា នៅតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមសកម្មប្រយុទ្ធហាម៉ាស កំពុងប្រយុទ្ធជាមួយទាហានអ៊ីស្រាអែល នៅលើទឹកដីអ៊ីស្រាអែល។

លោក Daniel Hagari អ្នកនាំពាក្យ IDF បានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតែគ្រប់គ្រងសហគមន៍ជាច្រើននៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល កាលពីល្ងាចថ្ងៃអាទិត្យ ខណៈដែល IDF បានចូលរួមនៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងជាមួយពួកគេ ។

លោក Zaka ជាក្រុមការងារសេវាសង្គ្រោះ របស់អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានប្រមូលអដ្ឋិធាតុ របស់យុវនារី និងបុរសប្រហែល២៦០នាក់ ដែលពួកគេកំពុងជប់លៀង នៅឯពិធីបុណ្យ Nova ដែលជាព្រឹត្តិការណ៍តន្ត្រី ក្រៅនៅតំបន់វាលស្រែ ជនបទក្បែររបង រវាងតំបន់ហ្គាហ្សារ និងដែនដីអ៊ីស្រាអែល ។

អ្នកចូលរួម នៅក្នុងពិធីបុណ្យជាច្រើននាក់ នៅតែបាត់ខ្លួនកាលពីយប់ថ្ងៃអាទិត្យ ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្សាយថា មានក្រុមមនុស្សជាច្រើន ដែលកំពុងព្យាយាមស្វែងរក សាច់ញាតិ និងមិត្តភក្តិរបស់ពួកគេ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយឆ្មក់ចូលមកក្នុងពិធីបុណ្យ និងទីតាំងផ្សេងទៀតនៅក្នុងតំបន់ ដែលជាផ្នែកនៃការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ដ៏ធំមកលើអ៊ីស្រាអែល ដែលរួមមានការបាញ់គ្រាប់រ៉ុក្កែត រាប់ពាន់គ្រាប់ទៀតផង ៕

ដោយ៖ ម៉ៅ បុប្ផាមករា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top