បរទេស ៖កងកម្លាំងយោធា នៃប្រទេសអ៊ីស្រាអ៊ែល IDF បានប្រកាសកាលពីថ្ងៃអាទិត្យថាពួកគេបានបើកការបាញ់គ្រាប់កាំភ្លើងធំទៅលើទឹកដីរបស់ប្រទេសលីបង់វិញជាការឆ្លើយតបទៅនឹងការវាយប្រហារជាច្រើនដងនៅតាមតំបន់ព្រំដែនជាមួយគ្នា។
យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយគ្រាប់ផ្លោងជាច្រើនដងត្រូវបានគេរាយការណ៍មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីនផ្សេងទៀតបានបើកការវាយលុកទ្រង់ទ្រាយធំទៅលើទីក្រុង និងមូលដ្ឋានទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា។
កងទ័ពអ៊ីស្រាអ៊ែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយកាសែត Times of Israel ថា៖IDF បានកំពុងចាត់វិធានការរៀបចំសម្រាប់លទ្ធភាពប្រភេទនេះ ហើយនឹងបន្តប្រតិបត្តិការនៅគ្រប់តំបន់ និងគ្រប់ពេលវេលាចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិលអ៊ីស្រាអែល ។
គ្រាប់ផ្លោងដែលត្រូវបានបាញ់ចេញពីទឹកដីលីបង់មុននេះត្រូវបានគេរាយការណ៍ថាបានវាយប្រហារទីតាំងយោធាអ៊ីស្រាអែលមួយនៅក្នុងកសិដ្ឋាន Shebaa ដែលធ្លាប់មានជម្លោះកន្លងមកហើយIDF អះអាងថាបច្ចុប្បន្នកាំភ្លើងធំរបស់ខ្លួនកំពុងចាប់ផ្តើមវាយលុកតបវិញទៅលើតំបន់ក្នុងប្រទេសលីបង់ ដែលបានបើកការវាយប្រហារនោះ៕ ប្រែសម្រួល៖ស៊ុនលី