បរទេស ៖ អ្នកនៅរស់រានមានជីវិត ពីការវាយប្រហារ ដោយការបាញ់ប្រហារនៅផ្សារទំនើប Siam Paragon កណ្តាលទីក្រុង បាងកក ប្រទេសថៃ បានរំឮកដល់ពេល ដែលនាងប្រឈមមុខ នឹងអ្នកបាញ់ប្រហារអាយុ ១៤ ឆ្នាំខណៈពេលកំពុងរត់ឡើងជណ្តើរយន្ត។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នាងគិតថា នាងកំពុងរត់ទៅកន្លែងមានសុវត្ថិភាព។ ផ្ទុយទៅវិញ នាងបានឃើញក្មេងប្រុសនោះឈរ នៅចុងម្ខាងទៀតនៃជណ្តើរយន្ត ។ ក្មេងជាខ្មាន់កាំភ្លើងបានងាកមករកនាង ហើយបាញ់ប្រហារ ភ្លាមៗតែម្តង។
ស្រ្តីឈ្មោះ Anyapat Thipjirasakul បានរំឭកថា «ពេលខ្ញុំឃើញគាត់ ខ្ញុំប្រញាប់ងាកក្រោយរត់ចុះពីជណ្តើរយន្តយ៉ាងលឿនតាមដែលខ្ញុំអាចធ្វើទៅបាន ខ្ញុំបានឮសំឡេងកាំភ្លើងប្រហែល ៤ គ្រាប់ គ្រាប់កាំភ្លើងមួយគ្រាប់បានបាញ់ត្រូវខ្ញុំ ខ្ញុំមានអារម្មណ៍ឈឺត្រង់ស្មាខាងឆ្វេង ប៉ុន្តែខ្ញុំមិនអាចឈប់រត់បានទេ។ “ខ្ញុំបានលោតចុះជណ្តើរយន្ត។ ខ្ញុំដួល ប៉ុន្តែត្រូវបន្តរត់ ព្រោះខ្ញុំខ្លាចគាត់តាមខ្ញុំចុះមកទៀត”។ នាងរត់ទៅមុខទ្វារចូលក្នុងចំណោមហ្វូងមនុស្ស ដែលខ្លះស្រែកយំ។
នាងនិយាយពីមន្ទីរពេទ្យថា «វាគួរឲ្យរន្ធត់ណាស់ ខ្ញុំគេងមិនលក់ក្នុងយប់ដំបូងរបស់ខ្ញុំរាល់ពេលដែលខ្ញុំបិទភ្នែក ខ្ញុំឃើញគាត់ និងឮសំឡេងកាំភ្លើង»។ Anyapat ស្ថិតក្នុងចំណោមមនុស្ស ៧ នាក់ដែលត្រូវបានបាញ់ដោយក្មេងជំទង់វ័យ១៤ឆ្នាំ កាលពីរសៀលថ្ងៃទី ៣ ខែតុលា។ សំបកគ្រាប់កាំភ្លើងប្រហែល ៤០ គ្រាប់ត្រូវបានរកឃើញនៅពេលក្រោយ ដែលភាគច្រើនត្រូវបានខ្ចាត់ខ្ចាយនៅជាន់ទី២ និងទី ៣ ។
Penpiwan Mitthampitak អាយុ ៣០ ឆ្នាំ ជាអ្នកនៅរស់រានមានជីវិតម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នាងត្រូវបានគេបាញ់ចំក្បាល និង២គ្រាប់ទៀតចំដើមទ្រូងខាងស្តាំ។
ជនជាតិចិនឈ្មោះ Li Sha អាយុ៣០ឆ្នាំ មានរបួសត្រូវ២គ្រាប់ចំដើមទ្រូង មួយចំខ្នង និងមួយកន្លែងទៀតត្រូវដៃស្តាំ។ ស្ថានភាពរបស់នាងមានស្ថេរភាព។
ស្រ្តីជនជាតិឡាវ ឈ្មោះ Kham Phiou អាយុ ២៨ ឆ្នាំ ត្រូវបានគេបាញ់ចំស្មា។ នាងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ដោយវេជ្ជបណ្ឌិត ដោយសារផ្នែកខាងស្តាំនៃរាងកាយរបស់នាងខ្សោយ និងពិបាកធ្វើចលនា។
បុរសជនជាតិថៃ Wichen Vijikhaki អាយុ ៤១ឆ្នាំ ត្រូវបានគេបាញ់ចំខ្នង។ ឥឡូវនេះគាត់មានសុវត្ថិភាពហើយ។ ជនរងគ្រោះពីរនាក់ ដែលបានស្លាប់គឺ ជាជនជាតិចិន Zhao Jinnan អាយុ ៣៤ ឆ្នាំ។ នាងបានស្លាប់នៅកន្លែងកើតហេតុ ចំណែកជនជាតិមីយ៉ាន់ម៉ាម្នាក់ទៀតឈ្មោះ Moe Myint បានស្លាប់នៅមន្ទីរពេទ្យ ។
សូមជម្រាបថា នៅម៉ោងប្រហែល ៣៖១៥នាទី រសៀល ថ្ងៃទី៣ ខែតុលា រូបភាពពីកាមេរ៉ា CCTV បង្ហាញពីក្មេងប្រុស សក់វែងពាក់មួក អាវសាច់ក្រណាត់ពណ៌ខ្មៅ ខោយោធាពណ៌កាគី និងស្បែកជើងកវែងពណ៌ខ្មៅ ដើរជាមួយកាបូបស្ពាយពីខុនដូ របស់គាត់តាមរថភ្លើង BTS ។
គាត់បានជិះរថភ្លើង ហើយដើរចូលផ្សារទំនើបនៅម៉ោង ៣ និង ៣៥នាទីរសៀល។ គាត់បានទៅបន្ទប់ទឹកមួយនៅជាន់ M ដោះអាវក្រៅចេញ ហើយទុកកាបូបរបស់គាត់នៅលើគម្របបង្គន់។ លុះដល់វេលាម៉ោង៤និង១០នាទីរសៀល ជននេះបានធ្វើសកម្មភាពបាញ់ប្រហារ ដោយបានវាយទៅលើស្រ្តីឈ្មោះ Kham ដែលជាអ្នកបោសសម្អាត ដែលកំពុងធ្វើការនៅក្នុងបន្ទប់ទឹកបុរស៕
ប្រែសម្រួលៈ ណៃ តុលា