បរទេស៖ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានកោះហៅអ្នកបម្រុងចំនួន ៣០០.០០០ នាក់ ក្នុងរយៈពេលពីរបីថ្ងៃដើម្បីជួយខ្លួនទប់ទល់នឹងក្រុមហាម៉ាស់ ដែលបានធ្វើការវាយប្រហារដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងរដ្ឋកាលពីថ្ងៃទី ៧ ខែតុលា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុង តែលអាវែវ បានអនុម័តការហៅអ្នកបម្រុងសម្រាប់កងទ័ពបន្ថែមចំនួន ៦០.០០០ នាក់ ដោយបង្កើនចំនួនសរុបនៃអ្នកដែលត្រូវបានចល័តក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះដល់ ៣៦០.០០០នាក់ ។
ប៉ុន្តែតើកងទ័ពអ៊ីស្រាអែលបច្ចុប្បន្នមានទំហំប៉ុនណា? គួរកត់សម្គាល់ថានៅក្នុងប្រទេសអ៊ីស្រាអែល ព័ត៌មានទាក់ទងនឹងវិស័យការពារជាតិមិនត្រូវបានផ្សព្វផ្សាយជាផ្លូវការទេ ដូច្នេះទិន្នន័យពាក់ព័ន្ធណាមួយអាចទទួលបានតាមរយៈប្រភពបរទេស ឬអ្នកស្រាវជ្រាវអ៊ីស្រាអែលប៉ុណ្ណោះ។ កងទ័ពអ៊ីស្រាអែលដែលត្រូវបានគេស្គាល់ថា ជាកងកម្លាំងការពារអ៊ីស្រាអែល (IDF) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ១៩៤៨ ត្រឹមតែពីរសប្តាហ៍បន្ទាប់ពីការប្រកាសឯករាជ្យរបស់រដ្ឋ។
ធាតុចម្បងនៃគោលលទ្ធិណែនាំរបស់កងកម្លាំងការពារអ៊ីស្រាអែល គឺការសន្មត់ថា អ៊ីស្រាអែលមិនអាចមានលទ្ធភាពចាញ់សង្រ្គាមតែមួយបានទេ។ គោលដៅត្រូវបានគេគិតថា អាចសម្រេចបានតែតាមរយៈយុទ្ធសាស្ត្រការពារដែលចែងអំពីការចល័តកម្លាំងយ៉ាងលឿនដើម្បីទប់ទល់នឹងសត្រូវ។
កងកម្លាំងការពារអ៊ីស្រាអែល មានផ្នែកសេវាកម្មចំនួនបី គឺ កងកម្លាំងជើងគោកអ៊ីស្រាអែល, កងទ័ពអាកាសអ៊ីស្រាអែល និងកងទ័ពជើងទឹកអ៊ីស្រាអែល។ កងកម្លាំងការពារអ៊ីស្រាអែល ត្រូវបានដឹកនាំដោយប្រធានអគ្គសេនាធិការ បច្ចុប្បន្នកំពុងបម្រើក្នុងសមត្ថភាពនេះគឺលោក Herzi Halevi ដែលជាអ្នកក្រោមបង្គាប់របស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបច្ចុប្បន្នគឺ លោក Yoav Gallant ។
មេទ័ពជើងគោក និងទ័ពអាកាស ក៏ដូចជាកងទ័ពជើងទឹក រាយការណ៍ជូននាយសេនាធិការ ក៏ដូចជាមេបញ្ជាការតំបន់ និងប្រធាននាយកដ្ឋានការពារជាតិផ្សេងៗ រួមទាំងអង្គភាពចារកម្មផងដែរ។ យោងតាមប្រភពបើកចំហបានឱ្យដឹងថា ទំហំសរុបនៃកងទ័ពកងកម្លាំងការពារអ៊ីស្រាអែល មានចំនួនប្រហែល ១៧៦.៥០០នាក់ ជាទាហានសកម្ម។
កងកម្លាំងជើងគោកអ៊ីស្រាអែល ដែលរួមមានកងពលថ្មើរជើង រថពាសដែក និងកាំភ្លើងធំ មានបុគ្គលិកសកម្មប្រហែល ១២៦.០០០ នាក់ និងទាហានបម្រុងប្រហែល ៤០០.០០០ នាក់។ ឧត្តមសេនីយទោ Yoel Strick បច្ចុប្បន្នកំពុងដឹកនាំកងកម្លាំងជើងគោក។
កងទ័ពទាំងនេះបានចូលរួមក្នុងប្រតិបត្តិការយោធាសំខាន់ៗទាំងអស់ដែលធ្វើឡើងដោយអ៊ីស្រាអែល ក្នុងចំណោមនោះ សង្គ្រាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ ១៩៤៨ វិបត្តិស៊ុយអេឆ្នាំ ១៩៥៦ និងសង្រ្គាមប្រាំមួយថ្ងៃឆ្នាំ ១៩៦៧ ដែលបច្ចុប្បន្នកំពុងជាប់ពាក់ព័ន្ធក្នុងជម្លោះប្រដាប់អាវុធហាម៉ាស-អ៊ីស្រាអែលនាពេលបច្ចុប្បន្នផងដែរ។
កងកម្លាំងជើងគោកប្រើប្រាស់បច្ចេកវិទ្យាអភិវឌ្ឍន៍ក្នុងស្រុកមួយចំនួន ដូចជារថក្រោះប្រយុទ្ធដ៏សំខាន់ប្រភេទ Merkava , រថពាសដែក Achzarit និងប្រព័ន្ធការពារកាំជ្រួច Iron Dome ។
កងកម្លាំងអាកាសអ៊ីស្រាអែល (IAF) គឺមានទាហានប្រហែល ៣៤.០០០នាក់ ជាបុគ្គលិកសកម្ម បូកទាំងទាហាន ៥៥.០០០នាក់ ជាអ្នកបម្រុង។ សរុបមក មានយន្តហោះចំនួន ៦៨៤ គ្រឿងត្រូវបានរាយការណ៍ថាកំពុងដំណើរការ។ ដូចជាកងកម្លាំងជើងគោក, កងកម្លាំងជើងអាកាស បានចូលរួមក្នុងប្រតិបត្តិការយោធាជាច្រើន ដូចជាសង្រ្គាមលីបង់ឆ្នាំ ២០០៦ ជាដើម។
ចាប់តាំងពីសង្រ្គាមប្រាំមួយថ្ងៃឆ្នាំ ១៩៦៧មក យន្តហោះចម្បាំងភាគច្រើនរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល ដែលបានទទួលពីសហរដ្ឋអាមេរិក រួមទាំងយន្តហោះចម្បាំងប្រភេទ A-4 Skyhawk, យន្តហោះ F-4 Phantom II, យន្តហោះចម្បាំង F-15 Eagle, យន្តហោះចម្បាំង F-16 Fighting Falcon និង យន្តហោះចម្បាំងជំនាន់ទី៥ F-35 Lightning II ៕ ប្រែសម្រួលៈ ណៃ តុលា