ព័ត៌មានអន្តរជាតិ

តំបន់ហ្គាហ្សា មានអ្នកស្លាប់កើនឡើងដល់ ៨៣០នាក់ ​ខណៈ​អ៊ីស្រាអែល​ ១,០០៨ នាក់​

រូបភាពពី៖​ AFP

ហ្គាហ្សា៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាកើនឡើងដល់ ៨៣០ នាក់ ហើយចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស កើនឡើងដល់ ១,០០៨ នាក់នៅអ៊ីស្រាអែល ខាង​ក្រោម​នេះ​គឺ​ជា​ការ​វិវឌ្ឍ​ចុង​ក្រោយ​បំផុត​ទាក់​ទង​នឹង​ជម្លោះ​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន៖

ចំនួនអ្នកស្លាប់ និងរបួសពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៨៣០នាក់ និង ៤,២៥០នាក់ រៀងគ្នា នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ។

ជាមួយគ្នានេះដែរ យ៉ាងហោចណាស់មានបុគ្គលចំនួន ១,០០៨ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាស់ បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយមកលើប្រទេសនេះកាលពីថ្ងៃសៅរ៍។ ​

ជម្លោះ​ដ៏​តានតឹង​នេះ​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៤​ហើយ បាន​ធ្វើ​ឲ្យ​ភាគី​ទាំង​សងខាង​រង​របួស​យ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនសួ។

យោធាអ៊ីស្រាអែលបានឲ្យដឹងថា យន្តហោះអាមេរិកដំបូងដែលផ្ទុកគ្រាប់រំសេវបានមកដល់ប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃអង្គារ ដើម្បីជួយប្រទេសក្នុងជម្លោះ ដែលកំពុងបន្តជាមួយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសលីបង់។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបានចុះចតនៅឯមូលដ្ឋានអាកាស Nevatim នៅវាលខ្សាច់ Negev ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល ដោយផ្ទុកនូវ “គ្រាប់រំសេវទំនើប” ។

កាលពីថ្ងៃអង្គារផងដែរ កងនាវា USS Gerald R. Ford Carrier Strike Group បានមកដល់សមុទ្រមេឌីទែរ៉ាណេ ភាគខាងកើត “ដើម្បីរារាំងតួអង្គណាមួយ ដែលកំពុងស្វែងរកការធ្វើឱ្យស្ថានការណ៍កើនឡើង ឬពង្រីកសង្រ្គាមនេះ” ។

ចំនួនពលរដ្ឋអាមេរិក ដែលត្រូវបានសម្លាប់ ចំពេលជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើនឡើងដល់ ១៤នាក់ នេះបើយោងតាមប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារក៏បានឲ្យដឹងផងដែរថា ជនជាតិអាមេរិក ត្រូវបានគេជឿថា ស្ថិតក្នុងចំណោមចំណាប់ខ្មាំងរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់។

ថ្លែងពីបន្ទប់ទទួលទានអាហារនៅសេតវិមាន លោក បៃដិន បានជំរុញឱ្យសភា “ចាត់វិធានការជាបន្ទាន់ ដើម្បីផ្តល់មូលនិធិដល់តម្រូវការសន្តិសុខជាតិរបស់ដៃគូសំខាន់ៗរបស់យើង” ដោយ​ថា ការផ្តល់មូលនិធិនេះ “មិនមែននិយាយអំពីគណបក្ស ឬនយោបាយនោះទេ វានិយាយអំពីសន្តិសុខនៃពិភពលោករបស់យើង សន្តិសុខ​របស់សហរដ្ឋអាមេរិក”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top