ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល អះអាងថា មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស ជាច្រើននាក់ ត្រូវបានសម្លាប់

ប្រភព ៖ AFP

បរទេស ៖ កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល ឬIDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃម្សិលមិញថា រដ្ឋមន្ត្រីសេដ្ឋកិច្ច របស់ក្រុមហាម៉ាស និងសមាជិកការិយាល័យ នយោបាយជាន់ខ្ពស់ម្នាក់ទៀត ត្រូវបានសម្លាប់ដោយកងកម្លាំង អ៊ីស្រាអែល កាលពីល្ងាចថ្ងៃចន្ទ។

យោងតាមការចេញផ្សាយ របស់ RT ការស្លាប់របស់ពួកគេ ត្រូវបានរាយការណ៍ភ្លាមៗបន្ទាប់ពី IDF បានធ្វើការវាយប្រហារ តាមអាកាសជាង១០០លើក ទៅលើតំបន់ហ្គាហ្សា ។ ក្រោយមក ក្រុមហាម៉ាស់បានបញ្ជាក់ពីការស្លាប់ របស់បុរសទាំងពីរនាក់នៅលើគេហទំព័រផ្លូវការ របស់ខ្លួន ដោយនិយាយថា ពួកគេត្រូវបាន បាត់បង់ជីវិតដោយការទម្លាក់គ្រាប់បែក របស់ពួកZionist លើតំបន់ហ្គាហ្សាស្ទ្រីប ។

យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បាននិងកំពុងទម្លាក់គ្រាប់បែក លើតំបន់ហ្គាហ្សា ដែលមានប្រជាជនរស់នៅច្រើនកុះករ ចាប់តាំងពីថ្ងៃសៅរ៍ ដោយជាលទ្ធផល មានគោលដៅចំនួន២៥០ បានវាយប្រហារ នៅក្នុងសង្កាត់ al-Furkan នៃទីក្រុង Gaza ចន្លោះថ្ងៃចន្ទ និងថ្ងៃអង្គារ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារថា ការស្លាប់ជនស៊ីវិលគឺស្ថិតនៅក្នុងកម្រិតខ្ពស់ ដោយមនុស្ស៧៧០នាក់ ត្រូវបានសម្លាប់ និង៤០០០ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារហើយ ក្រសួង​បាន​បន្ថែមទៀត​ថា មាន​កុមារ ១៤០ នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top