ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត បង្ហាញការគាំទ្រ ឥតងាករេ ចំពោះប៉ាឡេស្ទីន

រូបភាព៖ Global Look Press / Thaer Ganaim

បរទេស៖ យោងតាមការចេញផ្សាយ របស់ RT បានឲ្យដឹងថាប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាក់អំពីជំហបន្តគាំទ្រ សិទ្ធិស្របច្បាប់ របស់ប៉ាឡេស្ទីន នៅចំពោះមុខជម្លោះ ដោយយោធាជាមួយនឹង ប្រទេសអ៊ីស្រាអែល។

ប្រភពដដែល បានសរសេរទៀតថា ការបញ្ជាក់នេះបានធ្វើឡើងនៅអំឡុងពេល ដែលព្រះអង្គម្ចាស់ Mohammed bin Salman បានប្រាប់ប្រធានាធិបតី ប៉ាឡេស្ទីន Mahmoud Abbas នៅក្នុងការហៅទូរស័ព្ទមួយ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍កន្លងមក។

រាជទាយាទអង្គនេះ បាននិយាយថា កំដៅដែលបានកើនឡើងចុងក្រោយ នៅក្នុងតំបន់ហ្គាហ្សា ដែលបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ លើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ កាលពីចុងសប្តាហ៍ បង្កការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ មជ្ឈិមបូព៌ាទាំងមូល ។

ទោះបីជាយ៉ាងណាក្តីព្រះអង្គម្ចាស់ bin Salman បានបន្ថែមដែរថា អារ៉ាប៊ីសាអូឌីតគ្រោងនឹង ចាត់វិធានការយ៉ាងសកម្ម និងសហការជាមួយមហាអំណាច អន្តរជាតិ និងក្នុងតំបន់ ដើម្បីការពារ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសពីការរីករាលដាល ដល់ផ្នែកផ្សេងទៀតនៃមជ្ឈិមបូព៌ា។

គួរឲ្យដឹងដែរថា អំឡុងពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះព្រះអង្គម្ចាស់Bin Salman ក៏បានពិភាក្សាអំពីស្ថានភាពនៅតំបន់ ហ្គាហ្សាជាមួយមហាក្សត្រហ្សកដានី Abdullah bin Al-Hussein និងប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisiដោយផ្តោតជាសំខាន់ លើការរក្សាស្ថិរភាពក្នុងតំបន់ និងការពារជម្លោះ ពីការរីករាលដាលផង៕

ប្រែសម្រួល៖ស៊ុនលី

To Top