បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងធានាថា អ៊ីស្រាអែលមានអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការក្នុងការឆ្លើយតបចំពោះការវាយប្រហារដោយក្រុមហាម៉ាស់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានថា “យើងឈរនៅជាមួយអ៊ីស្រាអែល, យើងនឹងធ្វើឱ្យប្រាកដថា អ៊ីស្រាអែលមានអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ” ។
ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា សហរដ្ឋអាមេរិកកំពុងបញ្ជូនប្រព័ន្ធយោធាបន្ថែមទៅកាន់ប្រទេសអ៊ីស្រាអែល រួមទាំងគ្រាប់រំសេវ និងឧបករណ៍ស្ទាក់ចាប់ ដើម្បីបំពេញបន្ថែមប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល។
លោក Biden បានបន្តថា “យើងកំពុងបង្កើនប្រព័ន្ធយោធាបន្ថែម រួមទាំងគ្រាប់រំសេវ និងឧបករណ៍ស្ទាក់ចាប់ ដើម្បីបំពេញបន្ថែម Iron Dome… យើងនឹងធ្វើឱ្យប្រាកដថា អ៊ីស្រាអែលមិនអស់ទ្រព្យសម្បត្តិសំខាន់ៗទាំងនេះ” ។
លោកប្រធានាធិបតីក៏បានកត់សម្គាល់ផងដែរថាយ៉ាងហោចណាស់មានជនជាតិអាមេរិកចំនួន ១៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែលកាលពីចុងសប្តាហ៍នេះ។ លោកថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយអ្នកជំនាញបន្ថែម ដើម្បីជួយអ៊ីស្រាអែល ធានាការដោះលែងចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់ ចាប់ខ្លួន រួមទាំងពលរដ្ឋអាមេរិកផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា