ព័ត៌មានអន្តរជាតិ

សេតវិមានអះអាងថា​ ពលរដ្ឋអាមេរិក២២នាក់ បាត់បង់ជីវិតក្នុងហេតុការណ៍នៅអ៊ីស្រាអែល

AFP

បរទេស៖មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារព័ត៌មាននៃសេតវិមាន Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថាយ៉ាងហោចណាស់ពលរដ្ឋអាមេរិកចំនួន២២ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈដែល ១៧ នាក់ផ្សេងទៀតមិនត្រូវបានរាប់បញ្ចូលនោះទេ។

យោងតាមការចេញផ្សាយរបស់ RT តួលេខចុងក្រោយបំផុតតំណាងឱ្យការកើនឡើងពីថ្ងៃអង្គារ នៅពេលដែលប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសថា ជនជាតិអាមេរិក១៤នាក់បានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នាកាលពីថ្ងៃចុងសប្តាហ៍មុន។

ទោះបីជាយ៉ាងណាក្តីគេ​មិន​ច្បាស់​ថា​អ្នក​ស្លាប់​ទាំង​អស់​ស្លាប់​នៅ​អ៊ីស្រាអែល ឬ​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ទេនៅឡើយទេខណៈដែលកាលពីថ្ងៃអង្គារលោកBiden ក៏បានអះអាងផងដែរថា ជនជាតិអាមេរិកដែលមិនដឹងចំនួនពិតប្រាកដត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ធ្វើជាចំណាប់ខ្មាំង។

កាលពីថ្ងៃអង្គការដដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ថា កងកម្លាំងពិសេសរបស់អាមេរិកបច្ចុប្បន្នកំពុងបន្តប្រតិបត្តិការជួយយោធាអ៊ីស្រាអែលជាមួយនឹងការធ្វើផែនការ និងការស៊ើបការណ៍សម្ងាត់ប៉ុន្តែមិនបាននិយាយថា តើពួកគេពាក់ព័ន្ធនឹងប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំងឬអត់នោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top