ព័ត៌មានអន្តរជាតិ

G7 ថ្កោលទោសការវាយប្រហារ របស់ក្រុមហាម៉ាស លើអ៊ីស្រាអែល ខណៈដែលទីផ្សារមានភាពមិនប្រាកដប្រជា

Kyodo

តូក្យូ៖ ក្រុមប្រធានហិរញ្ញវត្ថុនៃប្រទេសសេដ្ឋកិច្ចជឿនលឿទាំង៧ (G-7) បានថ្កោលទោសការវាយប្រហារលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅមជ្ឈិមបូព៌ា ចំពេលមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចពិភពលោក ដែលរងផលប៉ះពាល់ដោយសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន និងអតិផរណាខ្ពស់។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ G7 និងទេសាភិបាលធនាគារកណ្តាលបានរួបរួមគ្នាក្នុងការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែល ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក ខណៈដែលជម្លោះបានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានភាពមិនច្បាស់លាស់។

G7 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា “យើងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះដោយក្រុមហាម៉ាសលើរដ្ឋអ៊ីស្រាអែល និងបង្ហាញពីសាមគ្គីភាពរបស់យើងជាមួយប្រជាជនអ៊ីស្រាអែល”។

បន្ទាប់ពីធ្វើជាប្រធានកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានឲ្យដឹងថា លោកបានសម្តែង “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយកត់សម្គាល់ថា មនោសញ្ចេតនាត្រូវបានចែករំលែកដោយមនុស្សជាច្រើនផ្សេងទៀត ដោយប្រទេស​ជប៉ុន កាន់​តំណែង​ជា​ប្រធាន​នៃ​ក្រុម​ប្រទេស ដែល​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ខ្លាំង​នៅ​ឆ្នាំ​នេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top