ព័ត៌មានអន្តរជាតិ

ស៊ីរី ចោទប្រកាន់ថា អ៊ីស្រាអ៊ែល គឺជាអ្នករៀបចំផែនការវាយប្រហារ អាកាសយានដ្ឋានទីក្រុងអាឡេប៉ូ

AFP

បរទេស៖ ក្រសួងការពារជាតិនៃ ប្រទេសស៊ីរីបាននិយាយ កាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលបានធ្វើឱ្យអាកាសយានដ្ឋាន អន្តរជាតិអាឡេប៉ូសម្រេចចិត្តបិទប្រតិបត្តិការ ហើយបានចោទប្រកាន់ទៅលើរដ្ឋាភិបាល របស់លោក Benjamin Netanyahu ចំពោះការមិនគោរព ច្បាប់ និងបទដ្ឋានអន្តរជាតិ។

យោងតាមការដកស្រង់ព័ត៌មានដោយ RTបានឲ្យដឹងថានៅម៉ោងប្រហែល១១និង៣៥ យប់ថ្ងៃសៅរ៍ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាស ពីទិសដៅនៃសមុទ្រមេឌីទែរ៉ាណេ ភាគខាងលិចនៃទីក្រុង Latakia សំដៅទៅលើអាកាសយានដ្ឋានអន្តរជាតិ Aleppo ដែលនាំឱ្យមានការខូចខាត សម្ភារៈដល់អាកាសយានដ្ឋាន ហើយវាត្រូវបានបិទដំណើរការទាំងស្រុង គិតមកទល់នឹងពេលនេះ។

ក្នុងនោះផងដែរកាសែត Times of Israel បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហារនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីគ្រាប់រ៉ុក្កែតពីរត្រូវបាន បាញ់ចេញពីប្រទេសស៊ីរី ចូលទៅក្នុងតំបន់ Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ។

គួរឲ្យដឹងដែរថាការវាយប្រហារនៅទីក្រុង Aleppo និងទីក្រុង Damascus បានកើតឡើងមួយថ្ងៃមុនពេលដែល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ដើម្បីពិភាក្សាអំពីជម្លោះអ៊ីស្រាអែល និងហ្គាហ្សា ៕

ប្រែសម្រួល៖ ស៊ុន លី

To Top