យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានបន្តការត្រៀមលក្ខណៈរបស់ខ្លួន សម្រាប់ប្រតិបត្តិការជើងគោកដ៏ធំនៅក្នុងតំបន់ហ្គាហ្សា ដោយប្រមូលផ្តុំកងកម្លាំងនៅជិតព្រំដែនហ្គាហ្សា ខណៈដែលជម្លោះបង្ហូរឈាមរបស់ខ្លួនជាមួយចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានឈានចូលដល់សប្តាហ៍ទីពីរ។
លោក Herzi Halevi នាយសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រាប់ថា “ទំនួលខុសត្រូវរបស់យើងឥឡូវនេះ គឺចូលទៅកាន់តំបន់ហ្គាហ្សា កំណត់កន្លែងដែលក្រុមហាម៉ាសរៀបចំផែនការ និងបើកការវាយប្រហារ ហើយវាយប្រហារយ៉ាងខ្លាំងក្លានៅគ្រប់ទីកន្លែង សំដៅទៅលើមេបញ្ជាការគ្រប់រូប គ្រប់ប្រតិបត្តិការ និងរុះរើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ”។
យោងតាមតួលេខផ្លូវការ ដែលចេញផ្សាយដោយក្រសួងមហាផ្ទៃអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ យ៉ាងហោចណាស់មានបុគ្គលចំនួន ១,២៨៤ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុកដោយពួកសកម្មប្រយុទ្ធហាម៉ាស ចាប់តាំងពីថ្ងៃទី០៧ ខែតុលា។ ក្នុងចំណោមអ្នកស្លាប់នោះ យ៉ាងហោចណាស់ ៣៦៨នាក់មិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយទេ។
យោធាអ៊ីស្រាអែល ក៏បានចេញសេចក្តីជូនដំណឹងជាផ្លូវការដល់យ៉ាងហោចណាស់ ១៥៥ គ្រួសារ ដើម្បីជូនដំណឹងដល់ពួកគេអំពីការចាប់ពង្រត់មនុស្សជាទីស្រឡាញ់របស់ពួកគេ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃអាទិត្យបានជួបជាលើកដំបូងជាមួយក្រុមគ្រួសារចំណាប់ខ្មាំង ហើយបានសន្យាថា នឹងនាំយកជនជាតិអ៊ីស្រាអែល ដែលត្រូវបានចាប់ពង្រត់ត្រឡប់មកវិញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យ IDF លោក Daniel Hagari បានជំរុញម្តងទៀត ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីព ភាគខាងជើង ឱ្យជម្លៀសខ្លួនទៅភាគខាងត្បូង ដោយបន្ថែមថា អ៊ីស្រាអែល បានបើកច្រករបៀងមនុស្សធម៌ ហើយ “មនុស្សរាប់សែននាក់” បានភៀសខ្លួនទៅភាគខាងត្បូងរួចហើយ៕
ប្រែសម្រួល ឈូក បូរ៉ា