ព័ត៌មានអន្តរជាតិ

លោក Netanyahu ព្រមានថា សង្គ្រាមនឹងអូសបន្លាយរយៈពេលវែង

Xinhua

បរទេស៖នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញនៅក្នុងអំឡុងសុន្ទរកថាមួយនៅឯការបើកសម័យប្រជុំរដូវរងានៃសភាជាតិថាអ៊ីស្រាអែលបានត្រៀមកងទ័ពរួចជាស្រេចដើម្បីធ្វើសង្គ្រាមរយៈពេលវែងរហូតដល់ទទួលជ័យជំនះលើសត្រូវទាំងឡាយ។

យោងតាមការចេញផ្សាយរបស់ RT លោក Netanyahu បាននិយាយទៀតថា អ៊ីស្រាអែលឥឡូវនេះកំពុងប្រយុទ្ធដើម្បីសន្តិភាពរបស់ខ្លួន ហើយបានបង្ហាញពីទំនុកចិត្តថាប្រទេសរបស់លោកនឹងឈ្នះជាយថាហេតុលើក្រុមហាម៉ាស់ ដែលជាក្រុមតស៊ូប៉ាឡេស្ទីន ដែលបានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើទឹកដីអ៊ីស្រាអែលនៅជិតតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន គឺបានបាត់បង់ជីវិតនិងរបួសរាប់រយនាក់មកហើយ។

មេដឹកនាំអ៊ីស្រាអែលរូបនេះបានបន្តទៀតថា៖នេះគឺជាពេលវេលានៃការតស៊ូយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ្នកដែលព្យាយាមបំផ្លាញពួកយើង។ គោលដៅរបស់យើងគឺជ័យជំនះ ជ័យជំនះពេញលេញលើក្រុមហាម៉ាស ដោយលុបបំបាត់ម្តងហើយម្តងទៀតសម្រាប់អំណាចទាំងអស់ និងការគំរាមកំហែងដែលវាបង្កដល់អ៊ីស្រាអែល។

ក្នុងអំឡុងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រីបានទទូចថាអ៊ីស្រាអែលក៏ត្រៀមខ្លួនជាស្រេចក្នុងការសងសឹកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Hezbollah លីបង់ ប្រសិនបើខ្លួនប៉ុនប៉ងជ្រៀតជ្រែកក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីននោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top