ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ត្រៀមបង្កើតច្រករបៀងសុវត្ថិភាព សម្រាប់ជនស៊ីវិល ក្នុងតំបន់ហ្គាហ្សា

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះថា សហភាពអឺរ៉ុបឬ EU នឹងបើកដំណើរការច្រករបៀង ផ្លូវអាកាសមនុស្សធម៌ទៅកាន់ តំបន់ហ្គាហ្សាតាមរយៈការ ឆ្លងកាត់ប្រទេសអេហ្ស៊ីប។

លោកស្រី von der Leyen បាននិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងប្រទេសអាល់បានីកាលពីថ្ងៃចន្ទថា៖ ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា កំពុងត្រូវការជំនួយស្បៀង និងជំនួយមនុស្សធម៌ដែលនេះហើយ ជាមូលហេតុដែលយើងកំពុងដាក់ ឱ្យដំណើរការច្រកផ្លូវអាកាសមនុស្សធម៌ របស់សហភាពអឺរ៉ុបទៅកាន់តំបន់ហ្គាហ្សា តាមរយៈការឆ្លងកាត់ប្រទេសអេហ្ស៊ីប។

ប្រធានសហភាពអឺរ៉ុប ដដែលរូបនេះបានបន្ថែមទៀតថា ជើងហោះហើរចំនួន២ ដំបូងនឹងកើតឡើងក្នុងសប្តាហ៍នេះហើយ បានរំលឹកឡើងវិញថាប្លុកអឺរ៉ុបកំពុងបង្កើន ជំនួយមនុស្សធម៌របស់ខ្លួនដល់ហ្គាហ្សា ដល់ទៅ៣ដងឬប្រមាណ៧៩ លានដុល្លារដោយនិយាយថា ប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ មិនរស់នៅក្នុងភាពព្រៃផ្សៃរបស់ពួកហាម៉ាសបានទេ។

គួរឲ្យដឹងដែរថា សេចក្តីថ្លែងការន៍របស់លោកស្រី Von der Leyen ធ្វើឡើងក្រោយសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប និងបារាំងកាលពីដើមថ្ងៃចន្ទ ដែលក្នុងនោះពួកគេបានអំពាវនាវឱ្យ មានការផ្គត់ផ្គង់ជំនួយមនុស្សធម៌ដែលគ្មាន ការហាមឃាត់ដល់តំបន់ហ្គាហ្សា ក៏ដូចជាការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៃជនបរទេសពីតំបន់ដែលស្ថិតនៅ ក្រោមការឡោមព័ទ្ធផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top