បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏ដូចជាប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas និងមេដឹកនាំតំបន់មួយចំនួនទៀតកាលពីថ្ងៃចន្ទ ដោយក្នុងនោះលោកបានផ្តល់នូវ មធ្យោបាយដើម្បីកាត់បន្ថយភាព មិនត្រូវរ៉ូវគ្នាមួយចំនួនផងដែរ។
ថ្លែងទៅកាន់លោក Netanyahu លោក Putin បានសម្តែងការចូលរួមរំលែកទុក្ខ យ៉ាងស្មោះចំពោះគ្រួសារ និងមិត្តភ័ក្តិរបស់ជនជាតិអ៊ីស្រាអែលដែលបានស្លាប់ និងបានសង្កត់ធ្ងន់ទៅលើ ការថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពណាមួយ ដែលធ្វើឲ្យជនស៊ីវិលរងគ្រោះ រួមទាំងស្ត្រី និងកុមារដែរ។
ក្នុងនោះផងដែរវិមានក្រឹមឡាំង បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីជួយបញ្ចប់ ការប្រឈមមុខដាក់គ្នារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល និងសម្រេចបាននូវដំណោះស្រាយ ដោយសន្តិវិធី ពោលគឺតាមរយៈមធ្យោបាយនយោបាយ និងការទូត។
លោក Putin ក៏បានជូនដំណឹងដល់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អំពីជំហានដែលរុស្ស៊ីកំពុងអនុវត្ត ក្នុងការជួយធ្វើឱ្យស្ថានការណ៍ មានលក្ខណៈធម្មតាឡើងវិញ ព្រមទាំងទប់ស្កាត់ការកើនឡើង នៃអំពើហឹង្សា និងទប់ស្កាត់មហន្តរាយមនុស្សធម៌ នៅតំបន់ហ្គាហ្សា។
បន្ថែមលើសពីនេះ លោកបានបញ្ជាក់ជាពិសេសចំណុចសំខាន់ៗ នៃការហៅទូរស័ព្ទមុនរបស់គាត់ ជាមួយប្រធានាធិបតីប៉ាឡេស្ទីន និងមេដឹកនាំផ្សេងទៀតដូចជា ប្រទេសអេហ្ស៊ីប អ៊ីរ៉ង់ និងស៊ីរី៕
ប្រែសម្រួល៖ ស៊ុន លី