ព័ត៌មានអន្តរជាតិ

ថៃ ពង្រីកពេលវេលា ចូលប្រទេស ដោយគ្មានទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរ រុស្ស៊ីពី៣០ថ្ងៃ ទៅដល់ ៩០ថ្ងៃ

ប្រភព ៖ xinhua

បរទេស ៖ ការចូលដោយគ្មានទិដ្ឋាការ សម្រាប់អ្នកទេសចររុស្ស៊ី ត្រូវបានពន្យារពេលពី ៣០ ថ្ងៃទៅដល់ ៩០ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែវិច្ឆិកា និងមានរយៈពេលរហូតដល់ថ្ងៃទី ៣០ ខែមេសា, នេះបើតាមនាយករដ្ឋមន្ត្រីថៃ បានប្រកាសបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រាប់អ្នកសារព័ត៌មានថា ការពង្រីកពេលវេលានៃការចូលប្រទេសថៃ ដោយគ្មានទិដ្ឋាការសម្រាប់ជនជាតិរុស្ស៊ីនឹងជំរុញទេសចរណ៍នៅក្នុងប្រទេសថៃ។

លោក សេដ្ឋា ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ នោះបាននិយាយថា គោលនយោបាយនេះ ត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់ភ្ញៀវទេសចរ ដែលទៅទស្សនាប្រទេសថៃ ដើម្បីគេចពីរដូវរងារុស្ស៊ី ដ៏ត្រជាក់ចាប់ពីខែធ្នូដល់ខែមីនា។

នាយករដ្ឋមន្ត្រីថៃ ក៏បានបង្ហាញពីផែនការ នឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចប្រជុំវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែតុលា ផងដែរ។

ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែជាង ២០ លាននាក់ ក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ ២០២៣ (ខែមករា ដល់ខែកញ្ញា) ដោយអ្នកទេសចររុស្ស៊ី ជាប់ចំណាត់ថ្នាក់ទី ៥ មានចំនួន ៩៩៤.៤៣១ នាក់ នេះបើយោងតាមទិន្នន័យ របស់រដ្ឋាភិបាល។

ចំនួនអ្នកមកដល់ខ្ពស់បំផុត គឺមកពីម៉ាឡេស៊ី (៣.២៨០.៦២២នាក់) បន្ទាប់មកជនជាតិចិន (២.៥០៩.៦៩៨នាក់) កូរ៉េខាងត្បូង (១.១៩៧.៧៦៣នាក់) និងភ្ញៀវឥណ្ឌា (១.១៦៥.៩៣៥នាក់)។

រដ្ឋបាល​របស់​លោក​ស្រី ​បាន​ផ្តល់​ជូន​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន និង​កាហ្សាក់ស្ថាន ​រួច​ហើយ​នូវ​ការ​ចូល​ដោយ​គ្មាន​ទិដ្ឋាការ​រយៈពេល ៣០ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ២៥ ខែ​កញ្ញា រហូត​ដល់​ចុង​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top