បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា ចំនួនប្រជាជនថៃដែលត្រូវបានសម្លាប់នៅក្នុងជម្លោះអ៊ីស្រាអែល និងហាម៉ាស បានកើនឡើងដល់ ២៩នាក់ហើយ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សេដ្ឋា បានបង្ហាញតួលេខស្លាប់របស់ប្រជាជនថៃ មុនលោកឡើងយន្តហោះទៅទីក្រុងប៉េកាំងនៅថ្ងៃចន្ទ។ លោកនាយករដ្ឋមន្ត្រីគ្រោងនឹងចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង នៅថ្ងៃអង្គារ និងថ្ងៃពុធ។
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បាននិយាយថា របាយការណ៍ចុងក្រោយនេះបង្ហាញថា ស្ថានភាពនៅក្នុងប្រទេសអ៊ីស្រាអែល មិនមានភាពប្រសើរឡើងទាល់តែសោះ ហើយតាមពិតកំពុងប្រកបដោយគ្រោះថ្នាក់កាន់តែខ្លាំង។
នៅពេលសួរថា តើមានសញ្ញាវិជ្ជមានណាមួយក្នុងការធានាការដោះលែងចំណាប់ខ្មាំងនោះទេ លោក សេដ្ឋា បានមានប្រសាសន៍ថា «នៅមិនទាន់មាននៅឡើយទេ ប៉ុន្តែការខិតខំកំពុងបន្ត។ មានចលនាក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែអ្នកជាប់ឃុំមិនត្រូវបានដោះលែងនៅឡើយទេ»។
លោកក៏បានឱ្យដឹងដែរថា ពលករចំនួន ៦ នាក់ដែលបានចុះឈ្មោះត្រឡប់ទៅប្រទេសថៃបច្ចុប្បន្នមិនអាចទៅដល់អាកាសយានដ្ឋានបានទេ។ ស្ថានទូតថៃប្រចាំនៅទីក្រុង Tel Aviv ពិបាកទាក់ទងពួកគេ ហើយគេជឿថា ពួកគេអាចជាប់គាំងនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។
លោកក៏បានណែនាំដល់ស្ថាប័ន ពាក់ព័ន្ធឱ្យប្រឹងប្រែងរៀបចំ ជើងហោះហើរបន្ថែម និងជម្លៀសប្រជាជនថៃឲ្យបានច្រើនពីអ៊ីស្រាអែលតាមដែលអាចធ្វើទៅបាន ។
ចំពោះរបាយការណ៍ ដែលនិយោជកអ៊ីស្រាអែលមួយចំនួន នៅតែបង្ខំបុគ្គលិករបស់ខ្លួនឱ្យទៅធ្វើការ ទោះបីជាមានការទម្លាក់គ្រាប់បែកមិនឈប់ឈរក៏ដោយ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ថាស្ថានភាព បែបនេះ មិនអាចទទួលយកបានទេ ។ លោកបាននិយាយថា បាននិយាយជាមួយឯកអគ្គរដ្ឋទូត អ៊ីស្រាអែល ប្រចាំនៅទីក្រុងបាងកក ហើយបានណែនាំលោកស្រីឯកអគ្គរដ្ឋទូតឱ្យធានាថា គ្មានអ្នកណាម្នាក់ត្រូវបានបញ្ជូនទៅធ្វើការនៅវាលស្រែនោះទេ ព្រោះនេះជាបញ្ហានៃជីវិត និងការស្លាប់ ។ លោកថា រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់ និងដោះស្រាយបញ្ហានេះ៕
ប្រែសម្រួលៈ ណៃ តុលា