បរទេស៖ បន្ទាប់ពីចាញ់ក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី ១៤ ឧសភា និងសន្យាលាឈប់ពីឆាកនយោបាយ, ទីបំផុតអតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានទៅវិស្សមកាលជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំ។
យោងតាមសារព័ត៌មាន The Naiton ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Thanakorn Wangboonkongchana សមាជិកសភាក្នុងបញ្ជីគណបក្ស United Nation និងជាអតីតជំនួយការរបស់លោក ប្រាយុទ្ធ បាននិយាយនៅក្នុងហ្វេសប៊ុកថា អតីតនាយករដ្ឋមន្ត្រីកំពុងសម្រាកវិស្សមកាលនៅប្រទេសជប៉ុន។
លោក Thanakorn Wangboonkongchana បានបង្ហោះដោយសរសេរថា “Uncle Tu [ឈ្មោះហៅក្រៅរបស់លោក ប្រាយុទ្ធ] បានប្រាប់ [ខ្ញុំ] ថា នេះជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំដែលគាត់ធ្វើដំណើរទៅក្រៅប្រទេសជាមួយគ្រួសារនេះ។ ដូច្នេះ ខ្ញុំបានប្រាប់គាត់ថា ចូរមានវិស្សមកាលដ៏រីករាយ ខណៈដែលអាកាសធាតុនៅប្រទេសជប៉ុនឥឡូវរីករាយ»។
លោក Thanakorn ដែលជារដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលមុន ត្រូវបានគេចាត់ទុកថាជាដៃស្តាំរបស់លោក ប្រាយុទ្ធ ចាន់អូចា។
យោងតាមសេចក្តីរាយការណ៍ព័ត៌មាន អតីតនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ បានឡើងយន្តហោះទៅកាន់ប្រទេសជប៉ុនជាមួយក្រុមគ្រួសារកាលពីថ្ងៃអាទិត្យ។ ទោះបីជាជីវិតនយោបាយរបស់លោក ប្រាយុទ្ធ បានបញ្ចប់ក៏ដោយ ក៏ការងាររបស់លោកមិនទាន់ចប់នៅឡើយ៕ ប្រែសម្រួលៈ ណៃ តុលា